(រតនគិរី)៖ លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានលើកឡើង ក្នុងពិធីសម្ពោធសាលារៀនខ្មែរឥស្លាម នៅសង្កាត់ឡាបានសៀក ក្រុងបានលុង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព និងនាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យនៅកម្ពុជា។
បើតាមលោក ថង សាវុន សម្តេចតេជោ បាននាំមកវិញនូវគ្រប់សាសនាទាំងអស់នៅកម្ពុជា និងបាននាំមកនូវសមាហរណកម្មសាសនា នៅកម្ពុជា លុបបំបាត់នូវការរើសអើងពូជសាសន៍ សាសនា ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ នៅក្នុងជំនឿសាសនា។
ប្រធានបក្សប្រជាជនខេត្តរតនគិរី ក៏បានអំពាវនាវបងប្អូនខ្មែរឥស្លាម បន្តជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តសុខដុមរម្យនា និងការអភិវឌ្ឍនៅកម្ពុជា។
សូមបញ្ជាក់ថា លោក ថង សាវុន និងក្រុមការងារថ្នាក់ខេត្តចុះជួយក្រុង សង្កាត់ បានសាងសង់សាលារៀន០១ខ្នង ដែលចំណាយទឹកប្រាក់ប្រមាណ២៧,៧០០ដុល្លារ ជូនបងប្អូនខ្មែរឥស្លាមនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង៕