(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងសហគ្រិនភាព និងនវានុវត្តន៍» នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ។
កិច្ចប្រជុំនេះ ដើម្បីធ្វើការចែករំលែកចំណេះដឹង និងធ្វើការពិភាក្សាស៊ីជម្រៅ ជាមួយតួអង្គពាក់ព័ន្ធ អំពីទស្សនទាន បញ្ហាប្រឈម កាលានុវត្តន៍ភាព យន្តការ និងអាទិភាពគោលនយោបាយ ដែលគួរដាក់ចេញសម្រាប់អនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក វង្សី វិស្សុត រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, វិស័យឯកជន, សហគ្រិនវ័យក្មេង, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវជាច្រើននាក់ ដោយមានមន្រ្តីជំនាញការលំដាប់ពិភពលោកល្បីៗ មកពីធនាគារពិភពលោក នឹងធ្វើបទបង្ហាញសម្រាប់ជាធាតុចូល នៃកិច្ចពិភាក្សាផងដែរ៕