(ភ្នំពេញ)៖ នៅចំពោះមុខប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក ឆយ សាយ អន (Chui Sai On) ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យានឹងជួយចែករំលែកបទពិសោធន៍ការគ្រប់គ្រងកាស៊ីណូដល់កម្ពុជា ទាំងផ្នែកសន្តិសុខ និងការគ្រប់គ្រងចំណូល។
ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង នៅព្រឹកមិញនេះ លោក ឆយ សាយ អន បានលើកឡើងថា ម៉ាកាវ រីករាយជានិច្ចក្នុងការជួយដល់កម្ពុជា លើបទពិសោធន៍នៃការគ្រប់គ្រងផ្នែកកាស៊ីណូ ខណៈទីក្រុងម៉ាកាវ មានកាស៊ីណូរាប់ពាន់នា ពេលបច្ចុប្បន្ននេះ។
ប្រធានប្រតិបត្តិរូបនេះ ក៏បានសន្យាថានឹងបង្កើនការហោះហើរ ពីទីក្រុងម៉ាកាវ មកតំបន់ទេសចរណ៍មួយចំនួននៅកម្ពុជាផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជន នៅទីក្រុងម៉ាកាវ មកទេសចរណ៍នៅកម្ពុជា កាន់តែច្រើនបន្ថែមទៀតនោះ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរអគុណដល់លោក ឆយ សាយ អន ដែលបានសន្យាជួយដល់កម្ពុជា ក្នុងការគ្រប់ផ្នែកសន្តិសុខ និងថវិកាពីកាស៊ីណូនោះ ហើយសម្ដេចទទួលស្គាល់ថា ម៉ាកាវពិតជារីកចម្រើនខ្លាំង ហើយទីក្រុងនេះ គឺមានកាស៊ីណូច្រើនជាងគេលើលោក ដូច្នេះការគ្រប់គ្រងលើកាស៊ីណូនេះ ម៉ាកាវ ពិតជាមានបទពិសោធន៍ច្រើន ដូច្នេះកម្ពុជាពិតជារីករាយយ៉ាងខ្លាំង ចំពោះការផ្តល់បទពិសោធន៍នេះ។
សម្តេចក្រឡាហោម ស ខេង ក៏បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក ឆយ សាយ អន ក្នុងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប និងបង្កើនកិច្ចសហប្រតិបត្តិការវិស័យផ្សេងទៀត ជាមួយប្រទេសកម្ពុជា ដើម្បីផលប្រយោជន៍នៃប្រជាជនរៀងៗខ្លួននោះ៕