(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានថ្លែងអំណរគុណ និងបានស្ញប់ស្ញែងចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេស ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា។
ខួបអបអរសាទរនៅឆ្នាំនេះ កាកបាទក្រហមកម្ពុជា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ជោគជ័យរបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចកាត់ផ្ដាច់ចេញពីការចូលរួមចំណែកការចូលរួមឧបត្ថម្ភ របស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមជាវិភាគទានប្រចាំឆ្នាំ ប្រចាំខែ ក្នុងរយៈពេលកន្លងទៅនេះ កាកបាទក្រហមបានទទួលថវិកា រាប់លានដុល្លារក្នុងមួយឆ្នាំៗពីមិត្ដភ័ក្រ សប្បុរសជនមកពីក្រៅប្រទេស និងក្នុងប្រទេស»។
បើតាមសម្ដេចតេជោ ហ៊ុន សែន បានចូលរួមឧបត្ថម្ភជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយចេះតែកើនឡើងនេះ សបញ្ជាក់ឲ្យឃើញពីការជឿជាក់ លើការចំណាយរបស់ កាកបាទក្រហមកម្ពុជា ដូច្នេះការប្រើប្រាស់ថវិកាឲ្យចំគោលដៅ គឺរក្សាបាននូវការគាំទ្រពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
សម្តេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានរំលេចថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌។
បន្ថែមពីនេះ សម្ដេចតេជោ ក៏បានណែនាំ និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាឲ្យមានកាកបាទក្រហមកម្ពុជាតែមួយ កុំឲ្យមានការបែកខ្ញែកគ្នា និងបានលើកទឹកចិត្តកាកបាទក្រហមជួយសាងសង់ផ្ទះ និងដោះស្រាយបញ្ហាទឹកនៅតាមទីជនបទផងដែរ។
សូមជម្រាបថា យោងតាមទិន្នន័យបណ្ដោះអាសន្ន ដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានា ចំនួន១៧,៧៣៦,៧១២ដុល្លារ និងលុយខ្មែរ ១១៨, ២៤២,៣០០,០រៀល សរុបបញ្ចូលគ្នាជាង១៨លានដុល្លារ៕