(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នា២០១៨នេះ កម្លាំងនគរបាលខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូម៉ាក់ Zoomer X របស់ស្រ្តីម្នាក់នៅចំណុចផ្សារបាកាត ក្នុងទឹកដីប្រទេសថៃ រីឯម៉ូតូបានប្រគល់អោយម្ចាស់ដើមវិញហើយ។
អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជុន សុភី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានមុខរបរជាអ្នកលក់ដូរនៅផ្សារបាកាដ (ប្រទេសថៃ) ដែលបានបាត់ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៧ ពណ៌ផ្កាឈូកចាស់ អត់ស្លាកលេខ នៅចំណុចផ្សារបាកាត ក្នុងទឹកដីប្រទេសថៃ (ជាប់នឹងផ្សារព្រំ ប្រទេសកម្ពុជា)។
នគរបាលដដែលបានបន្ថែមទៀតថា ក្រោយពីបានទទួល ពាក្យបណ្ដឹងរួចកម្លាំងជំនាញបានចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលឃុំស្ទឹងកាច់ ដើម្បីធ្វើការរុករក ស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងម៉ូតូចំនួន១គ្រឿង នៅចំណុច សំបុកចាបស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជនសង្ស័យមានឈ្មោះ មាស សុខម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាណាក ឃុំគុជដី ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ហើយនៅព្រឹកនេះសមត្ថកិច្ចជំនាញ បានបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់បន្តរ ៕