(ភ្នំពេញ)៖ លោក Daniel SChmucking អ្នកតំណាងថ្មីនៃអង្គការ konrad (ខុនរ៉ាត) បានសន្យាថា អង្គការរបស់លោកត្រៀមខ្លួនជានិច្ច ក្នុងការជួយប្រឹក្សា និងបច្ចេកទេសផ្សេងៗដល់កម្ពុជា សម្រាប់កែទម្រង់ថ្នាក់ក្រោមជាតិ ខណៈការកែទម្រង់នាពេលបច្ចុប្បន្នបានល្អប្រសើរនោះ។
ការសន្យារបស់តំណាងអង្គការមួយនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក Daniel SChmucking បានលើកឡើងថា នាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា បានរីកចម្រើនលើគ្រប់វិស័យ ហើយអង្គការរបស់លោកបានត្រៀមខ្លួនជានិច្ច សម្រាប់ការជួយដល់កម្ពុជាឲ្យល្អប្រសើរជាងនេះទៅទៀត ជាពិសេសគឺការប្រឹក្សា និងបច្ចេកទេសជាដើម។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «តាមការបទពិសោធន៍របស់អាល្លឺម៉ង់ វិមជ្ឈការ (ថ្នាក់ក្រោមជាតិ) នេះគឺជាកត្តាជោគជ័យនាំដល់ការរីកចម្រើន សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការកំណែទម្រង់នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ហើយមូលនិធិខុនរ៉ាត់ត្រៀមខ្លួនជានិច្ច ក្នុងការជួយគាំទ្រដល់កម្ពុជា ទាំងការប្រឹក្សាយោបល់ កិច្ចសន្ទនា និងបច្ចេកទេសផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យកំណែទម្រងនេះ កាន់តែល្អប្រសើរបន្ថែមទៀត»។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរអគុណចំពោះមូលនិធិខុនរ៉ាត ដែលបានជួយដល់កម្ពុជា នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ហើយកម្ពុជាស្វាគមន៍ ជានិច្ចចំពោះការជួយរបស់មូលនិធិខុនរ៉ាត់។
សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការកែទម្រង់វិមជ្ឈការនេះ គឺជាកត្តាសំខាន់បំផុតរបស់កម្ពុជា ដូច្នេះរាជរដ្ឋាភិបាលបន្តយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើការកែទម្រង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត ហើយក៏ដើម្បីភាពរីកចម្រើនរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ៕