(រតនគិរី)៖ ទឹកប្រាក់ចំនួន៥០,០១៦.០៩ដុល្លារ ជាការបរិច្ចាគពីសប្បុរសជននានា នៅខេត្តរតនគីរី ក្នុងខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងយកទៅប្រើប្រាស់ឲ្យចំគោលដៅ នៃគោលការណ៍របស់កាកបាទក្រហមកម្ពុជា។
សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រារព្ធពិធីនេះឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
បន្ទាប់ពីលោក គិត ទ្រី អនុប្រធានសាខាកាកបាទក្រហមខេត្ត បានធ្វើរបាយការណ៍ សង្ខេបស្តីពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តរតនគិរី រួចមក លោក ថង សាវុន បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មន្រ្តីរាជការ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សមាជិកកិត្តិយស សមាជិកឧបការី និងសមាជិក សមាជិកាទ្រទ្រង់គ្រប់លំដាប់ថ្នាក់ និងក្នុងនាមរូបលោកផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយជាអតិបរមា ដោយពិធីអបអរសាទរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨នេះ។
លោកបានបន្តថា ឆ្នាំ២០១៨ គឺជាឆ្នាំទី៨ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្រ្ត ឆ្នាំ២០១១ និងឆ្នាំ២០២០ ដែលមានទស្សៈវិស័យ រួមចំណែកពន្លឿនការងារ កាត់បន្ថយភាពក្រីក្រ ការការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ជនងាយរងគ្រោះ។
ក្នុងបេសកម្មជាសាខាកាកបាទក្រហមខេត្តរតនគិរី នាំមុខក្នុងវិស័យមនុស្សធម៌បានប្រមូលផ្តុំកម្លាំងមនុស្សធម៌ ខិតខំបន្តសម្រេចឲ្យបាននូវទិសដៅ យុទ្ធសាស្រ្តទាំង៤ គឺរួមចំណែកសង្រ្គោះជីវិត កសាងភាពធនធានរឹងមាំទៅនិងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ រួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារ ការពារជំងឺឆ្លង និងសុខភាពក្នុងគ្រាអាសន្ន លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា បន្តពង្រឹងការរក្សា កិត្តិនាមសាខាកាកបាទក្រហមខេត្តរតនគិរី ជាសាខាមានដំណើរការល្អ។
ប្រធានសាខារូបនេះ បានសង្កត់ធ្ងន់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងយកអំណោយទាំងនេះ ទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងឧបទ្ទវហេតុផ្សេងៗ និងដើម្បីបម្រើសកម្មភាពការអប់រំ ការថែទាំងសុខភាព ការលើកកម្ពស់តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សធម៌៕