(ភ្នំពេញ)៖ លោក Li Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា សិស្សានុសិស្សកម្ពុជាប្រមាណជាង៣០០០នាក់ ទទួលបានការពិនិត្យរោគវិនិច្ឆ័យភ្នែក និងផ្តល់ចំណេះដឹងសុខភាពភ្នែក និងធ្វើឱ្យយុវជន កុមារយល់ដឹងពីតម្លៃភ្នែក ហើយស្រឡាញ់យកចិត្តទុកដាក់កាន់តែច្រើន ចំពោះជីវិតដ៏ល្អប្រពៃនេះ។
លោក លោក Li Jie បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាតំណាងលោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងកម្មវិធី «ដំណើរពន្លឺ ឡានឆាង មេគង្គ ឈានចូលដល់ប្រទេសកម្ពុជា និងពិធីសម្ពោធដំណើរពន្លឺ ដំណាក់កាលទី២» នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលាសិក្សា ទួនហ្វា រាជធានីភ្នំពេញ។
លោក Li Jie បានបន្តថា ដំណើរជីវិតពន្លឺសុខភាពភ្នែកសិស្សានុសិស្សតំបន់ទន្លេមេគង្គឆ្នាំនេះ គឺជាដំណាក់កាលទី២ នៃគម្រោងពន្លឺដែលបានបង្កើតឡើង ក្នុងប្រទេសតំបន់ទន្លេមេគង្គ។ កាលពីឆ្នាំមុនដំណើរការនេះ ស្ថិតនៅក្រោមយន្តការកិច្ចសហប្រតិបត្តិការ ឡានឆាង មេគង្គ គម្រោងបានចុះជួយធ្វើការវះកាត់ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា, ឡាវ និងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក Li Jie ក៏បានរំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី លី ឃឺឈាង បានធ្វើដំណើរទស្សនកិច្ចយ៉ាងជោគជ័យមកកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ហើយបានតាក់តែងផែនទីបង្ហាញផ្លូវមួយជំហានទៀត ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ មេគង្គ ឡានឆាង ក្នុងយុគសម័យថ្មី ហើយកិច្ចសហប្រតិបតិ្តការនេះ កំពុងនឹងប្រមូលផ្តុំក្តីសង្ឃឹមរួមរបស់ប្រជាជនកក្នុងតំបន់ ទូលរែកនូវបំណងប្រាថ្នារួមរបស់ប្រទេសមេគង្គ ឡានឆាង ប្រកាន់ភ្ជាប់នូវគោលការណ៍ អនុវត្តដោយប្រសិទ្ធភាពខ្ពស់។
តំណាស្ថានទូតចិនរូបនេះបានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំគម្រប់ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការជ្រោមជ្រែងរបស់ប្រជាជនប្រទេសទាំងពីរ ហើយមិត្តភាពកម្ពុជា-ចិន បានរីកស្គុះស្គាយឡើងជារៀងរាល់ថ្ងៃ ព្រមទាំងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ កំពុងមានភាពលេចធ្លោរជាលំដាប់ ក្នុងយុគសម័យថ្មីនេះ។
ទទឹមនឹងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមគ្រូពេទ្យគ្រប់កម្រិតរបស់ចិន បានមកដល់កម្ពុជា ជាច្រើនលើកដើម្បីជួយវះកាត់ជំងឺភ្នែកឡើយបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ គម្រោងដំណើរទឹកចិត្តស្រឡាញ់ សម្រាប់ជួយវះកាត់ជំងឺបេះដូង ពីកំណើតជូនកុមារកម្ពុជា ដោយឥតគិតថ្លៃត្រូវបានសម្ពោធចាប់ផ្តើមនៅដើមឆ្នាំនេះ៕