(ភ្នំពេញ)៖ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយកដ្ឋានរដ្ឋបាល លោក-លោកស្រី អភិបាលខេត្ត និងប្រធាននាយកដ្ឋានក្រោមចំណុះ។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើង គឺមានគោលបំណងធានាការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងកម្ពុជា ដើម្បី ការពារផលប្រយោជន៍ ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងឬអង្គការមិនមែន រដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ ដើម្បីអភិវឌ្ឍសង្គម ហើយមានវិសាលភាពអនុវត្តចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពនៅក្នុងកម្ពុជា លើកលែង តែមានបទប្បញ្ញត្តិច្បាប់ដោយឡែក ដែលចែងផ្សេងពីនេះ។
ដើម្បីធានាឲ្យមានការចូលរួម អនុវត្តច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គ្រប់សមាគម អង្គការទាំងអស់ ត្រូវចុះបញ្ជី និងតម្កល់សំណុំឯកសារ នៅក្រសួងមហាផ្ទៃ និងត្រូវ បើកគណនី សម្រាប់ប្រតិបត្តិការរបស់ខ្លួន ស្របតាមមាត្រា ១០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើមានការខកខាន មិនបានបំពេញតាមលក្ខខណ្ឌ ដែលបានចែងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវទទួលវិធានការតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ច្បាប់ស្តីពី គណបក្សនយោបាយ មានគោលបំណងកំណត់បែបបទ និងល័ក្ខខ័ណ្ឌ នៃការបង្កើត ការចុះបញ្ជី និងការធ្វើសកម្មភាពរបស់គណបក្សនយោបាយ ក្នុងកម្ពុជា។ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយយោងតាម ព្រះរាជក្រមលេខ នស/ រកម/០៣១៧/ ០០៣ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ រដ្ឋសភា បានធ្វើវិសោធនកម្ម អនុម័តច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនេះ ដូចតទៅ៖
* ចំណងជើងជំពូក៤ ត្រូវបានកែប្រែទៅជាជំពូក៤ថ្មី អង្គការនានា និងថ្នាក់ដឹកនាំរបស់គណបក្សនយោបាយ។
* ចំណងជើងជំពូក៩ ត្រូវបានកែប្រែទៅជាជំពូក៩ថ្មី វិធានការរដ្ឋបាល និងទោសបញ្ញតិ្ត។
* មាត្រា៦ មាត្រា១១ និងមាត្រា៤៥ថ្មី ត្រូវបានកែប្រែ និងត្រូវបានបន្ថែមមាត្រា៤៥ថ្មី(ស្ទួន)និងមាត្រា៤៨ថ្មី(ស្ទួន)។
បើយោងតាម មាត្រា -៦ថ្មី(ពីរ) នៃច្បាប់នេះ បានសរសេរថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១៖ ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២៖ ធ្វើវិទ្ធង្សនាប្រឆាំង នឹងរបបប្រជាធិបតីសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
៣៖ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
៤៖ បង្កើតកងកម្លាំងប្រដាប់អាវុធ។
៥៖ ធ្វើការញុះញង់ ដែលអាចនាំឲ្យមានការបែងបាក់ជាតិ។
ចំណែកមាត្រា ៤៤-ថ្មី (ពីរ) គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា៦ថ្មី(ពីរ) នៃច្បាប់នេះ និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ តុលាការអាចសម្រេចដូចខាងក្រោម៖
* ផ្អាកសកម្មភាពគណបក្សនយោបាយ មិនលើសពី៥(ប្រាំ)ឆ្នាំ
* រំលាយគណបក្សនយោបាយនោះ។
* ឯមាត្រា ៣៥-ថ្មី (ស្ទួន) បានចែងថា គណបក្សនយោបាយ ដែលត្រូវផ្អាកសកម្មភាព និងមិនត្រូវអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឡើយ។
* ត្រូវលុបចេញពីបញ្ជីគណបក្សនយោបាយឈរបោះឆ្នោះ ក្នុងករណីដែលគណបក្សនយោបាយនោះ ត្រូវបានផ្អាកសកម្មភាព ឬត្រូវបានសម្រេចរំលាយ ស្របតាមច្បាប់។
* មាត្រា៤៨ ថ្មី(ស្ទួន) ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សនយោបាយជាឈ្មោះ ឬរូបភាពរបស់រូបវ័ន្តបុគ្គល ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឲ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល៩០ (កៅសិប)ថ្ងៃ យ៉ាងយូរ គិតពីថ្ងៃដែលច្បាប់នេះ ចូលជាធរមាន៕