(រតនគិរី)៖ ទឹកប្រាក់ចំនួន៥០,០១៦,០៩ដុល្លារ ជាអំណោយសប្បុរសជននានា ក្នុងខេត្តរតនគីរី ក្នុងខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងយកទៅប្រើប្រាស់ឲ្យចំគោលដៅ នៃគោលការណ៍របស់កាកបាទក្រហមកម្ពុជា។
នៅក្នុងខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ប្រារព្វធ្វើនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលមហោស្របសម្តេចតេជោហ៊ុនសែន។
ទិវានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងជាអនុប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ អង្គពិធីក៏មានការអញ្ជើញ ចូលរួមពីសំណាក់មន្រ្តីរាជការ តំណាងក្រុមហ៊ុនរោងចក្រ សហគ្រាស និងសប្បុរសជននានាសរុបប្រមាណជាង ៥០០នាក់។
បន្ទាប់ពីលោក គិត ទ្រី អនុប្រធានសាខាកាកបាទក្រហមខេត្ត បានធ្វើរបាយការណ៍ សង្ខេបស្តីពីសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តរតនគិរីរួចមក លោក ថង សាវុន បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី មន្រ្តីរាជការ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សមាជិកកិត្តិយស សមាជិកឧបការី និងសមាជិក សមាជិកា ទ្រទ្រង់គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាអតិបរមា ដោយពិធីអបអរសាទរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨នេះ។
លោកអភិបាលខេត្តបានបន្តថា ឆ្នាំ២០១៨ គឺជាឆ្នាំទី៨ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្រ្ត ឆ្នាំ២០១១ និងឆ្នាំ២០២០ ដែលមានទស្សនវិស័យ រួមចំណែកពន្លឿនការងារ កាត់បន្ថយភាពក្រីក្រ ការការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនងាយរងគ្រោះ។
ក្នុងបេសកម្មជាសាខាកាកបាទក្រហម ខេត្តរតនគិរី នាំមុខក្នុងវិស័យមនុស្សធម៌បានប្រមូលផ្តុំកម្លាំងមនុស្សធម៌ ខិតខំបន្តសម្រេច អោយបាននូវទិសដៅយុទ្ធសាស្រ្តទាំង៤ គឺ រួមចំណែកសង្រ្គោះជីវិត កសាងភាពធនធាន រឹងមាំទៅនិងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ រួមចំណែកកាត់បន្ថយអត្រាឈឺនិងស្លាប់នៃ មាតានិងកុមារ ការពារជម្ងឺឆ្លង និងសុខភាពក្នុងគ្រាអាសន្ន លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា បន្តពង្រឹងការរក្សា កិត្តនាមសាខាកាកបាទក្រហមខេត្តរតនគិរី ជាសាខាមានដំណើរការល្អ។
លោក ថង សាវុន បានសង្កត់ធ្ងន់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងយកអំណោយ ទាំងនេះទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងឧបទ្ទវហេតុផ្សេងៗ និងដើម្បី បម្រើសកម្មភាពការអប់រំ ការថែទាំងសុខភាព កាលើកកម្ពស់តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរ របស់មនុស្សធម៌៕