(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា។
ការបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
យោងតាមទិន្នន័យបណ្ដោះអាសន្ន ដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានា ចំនួន១៧,៧៣៦,៧១២ដុល្លារ និងលុយខ្មែរ ១១៨, ២៤២,៣០០,០រៀល សរុបបញ្ចូលគ្នាជាង១៨លានដុល្លារ។
ថវិកាដែលបានបរិច្ចាគនោះគឺ អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ចំនួន៥០០ដុល្លារ និងអគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា ចំនួន៥លានរៀល។ នៅឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា បានទទួលការបរិច្ចាគថវិកាជាង១៨លានដុល្លារ (ទិន្នន័យបណ្ដោះអាសន្ន) ពីសប្បុរសជននានា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេចបានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕