(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមវេលម៉ោង៩ ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលស្រា និងទឹក នៅឃុំកន្ទួត ស្រុកចិត្របុរី ចំនួន១២៣នាក់ ក្នុងនោះមានស្រី៤៨នាក់ បានធូរស្រាល ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញជាបណ្តើរៗហើយ។
លោកអភិបាលខេត្តបានថ្លែងថា «នៅពេលនេះ យើងមានរថយន្តចំនួន៥គ្រឿង រួមមាន រថយន្តរបស់ស្នងការខេត្ត១គ្រឿង រថយន្តរបស់អាវុធហត្ថ១គ្រឿង និងរថយន្តរបស់សាលាខេត្តចំនួន៣គ្រឿង បានជួយដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ»។
បើតាមអភិបាលខេត្តក្រចេះ ជនរងគ្រោះផ្សេងទៀត បាននិងកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ហើយអាចនឹងចាកចេញពីមន្ទីរពេទ្យ នាពេលឆាប់ៗនេះផងដែរ បន្ទាប់ពីមានសភាពធូរស្រាលនោះ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងជួយដឹកជនរងគ្រោះ ត្រឡប់ទៅផ្ទះរៀងៗខ្លួន បន្ទាប់ពីធូរស្រាលពីជម្ងឺ។
កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានបញ្ជាក់ពីលទ្ធផលនៅមន្ទីរពិសោធន៍ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងធ្លាក់ខ្លួនឈឺនៅខេត្តក្រចេះ គឺបណ្តាលមកពីពុលស្រាស ដោយរកឃើញថា ជនរងគ្រោះ ដែលស្លាប់មានជាតិមេតាណុលខ្ពស់។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីការស្រាវជ្រាវរកមូលហេតុបន្តទៀត ចំពោះអ្នកជំងឺដែលមិនបានពិសាស្រា។ នេះបើយោងតាមរបាយការណ៍ នៃលទ្ធផលប្រជុំរបស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក តែ គុយស៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។
សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ៕