(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋ លក់ដូរភេសជ្ជៈយីហោ «ស៊ែរ អ៊ី ប៉ាន់យ៉ាប» នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ បានរលត់ទៅវិញហើយ ក្រោយមានអន្ដរាគមន៍សង្គ្រោះពីកម្លាំងសមត្ថកិច្ច។
បើតាមសេចក្ដីរាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ហើយសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដើម្បីជួយសង្គ្រោះ។
សមត្ថកិច្ចក៏បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់សង្គមមួយនេះ បណ្ដាលឲ្យមនុស្សចំនួន៤នាក់ រងរបួស ក្នុងនោះជនជាតិបរទេស៤នាក់ និងខ្មែរ២នាក់ ព្រមទាំងសម្ភារមួយចំនួនផងដែរ។
ភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះនេះ ក៏មានវត្តមាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុផងដែរ៕