(ភ្នំពេញ)៖ នាយកអង្គការ CSR Asia លោក Richard Welford ដែលបានធ្វើការទាក់ទិនទៅនឹងការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅកម្ពុជា អស់ជិត១ទសវត្សរ៍នោះ បានបំផុសស្មារតីឲ្យក្រុមហ៊ុននីមួយៗចូលរួមសកម្មភាពមនុស្សធម៌ ព្រោះការងារចាំបាច់នេះមិនមែនជាការខាតបង់នោះទេ តែវាជាការវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន តាមរយៈការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ទាំងនោះ។
នាយកអង្គការរូបនេះ បានពន្យល់ថា ទំនួលខុសត្រូវសង្គម ឬហៅកាត់ថា CSR នេះ មិនមែនជាការបរិច្ចាគ ឬអំពើមនុស្សធម៌ ដូចដែលការយល់ច្រឡំរបស់ប្រជាពលរដ្ឋទូទៅនោះទេ ប៉ុន្តែ CSR ជាការប្រកបអាជីវកម្មដែលមានការយកចិត្តទុកដាក់ ទាំងធនធានក្រុមហ៊ុន និងសង្គមក្នុងពេលតែមួយ។
លោក Richard Welford ថ្លែងយ៉ាងដូច្នេះថា «ទំនួលខុសត្រូវសង្គមមិនមែនជាការធ្វើអំពើមនុស្សធម៌នោះទេ។ វាតាមពិតទៅជាការវិនិយោគទុន។ ហើយវាជាការប្រកបអាជីវកម្មដែលទទួលបានប្រាក់ចំណេញ តាមរយៈមធ្យោបាយការពារបរិស្ថាន ផ្តល់នូវទំនួលខុសត្រូវសង្គម ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ កម្មករនិយោជិក និងចូលរួមការងារអភិវឌ្ឍន៍ប្រទេសផងដែរ។ ដូច្នេះ តែងតែមានការយល់ច្រឡំអំពីទំនួលខុសត្រូវសង្គម និងសកម្មភាពមនុស្សធម៌។ សម្រាប់ខ្ញុំ វាជារឿងដាច់ដោយឡែក»។
លោក Richard បានបន្តថា សកម្មភាពមនុស្សធម៌ គឺជាការបរិច្ចាគប្រាក់ចំណេញរបស់អ្នក ក៏ប៉ុន្តែទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ឬ CSR គឺជាអ្វីដែលអ្នករកប្រាក់ចំណេញ តាមរយៈមធ្យោបាយសុចរិត ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកសារស្តីពីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅកម្ពុជា បោះពុម្ពក្នុងឆ្នាំ២០១៦ សរសេរថា CSR ផ្តោតលើការជួយទំនុកបម្រុងក្រុមហ៊ុន ដើម្បីធានាថាជំនួញនោះប្រកបដោយសីលធម៌ និងគុណធម៌។ ឯកសារកម្រាស់២០ទំព័រនេះ បញ្ជាក់ផងដែរថា នៅកម្ពុជា CSR មានទម្លាប់យោងតាមគំរូនៃការបរិច្ចាគ ដែលក្រុមហ៊ុនសហគ្រាសទទួលបានប្រាក់ចំណេញ តាមវិធីណាក៏ដោយ តែក្រោយមកក៏យកប្រាក់ចំណេញមួយភាគ ទៅធ្វើសកម្មភាពសប្បុរសធម៌។
ប្រភពដដែលបញ្ជាក់ទៀតថា សម្រាប់ទំនោរបច្ចុប្បន្ន CSR គឺជាការរួមបញ្ចូលការអភិវឌ្ឍ ដើម្បីឱ្យពាណិជ្ជកម្មអាចបន្តបានយូរអង្វែង ដោយភ្ជាប់ជាមួយនឹងការយកចិត្តទុកដាក់លើសង្គម និងបរិស្ថាន នៅក្នុងការអនុវត្តនៃជំនួយនោះ ដូចជាការយកចិត្តទុកដាក់ទៅលើបុគ្គលិកនិយោជិត សហជីព អតិថិជន អ្នកផ្គត់ផ្គង់ ពាណិជ្ជករ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល សហគមន៍ជាដើម៕