(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ តំណាងគណបក្សខ្មែរក្រោក បានទៅយកទម្រង់ឯកសារ១០០៨ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបំពេញ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃនេះ។
សូមជម្រាបថា រហូតដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៤ បានចុះបញ្ជីរួចរាល់ រួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចំនួន២២ហើយ បានទៅយកឯកសារពី គ.ជ.ប បំពេញ និងមានគណបក្សនយោបាយចំនួន៨ បានតម្កល់ប្រាក់នៅរតនាគារជាតិ ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោត។
រយៈពេល នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕