(ក្រចេះ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីពុលស្រាស និងទឹកនៅតាមបណ្តោយ និងដៃព្រែកទេ ក្នុងខេត្តក្រចេះ ដោយបានបង្ហាញពីលទ្ធផល នៃការធ្វើពិសោធន៍រកឃើញ សារធាតុគីមីមួយចំនួន មានបរិមាណលើសកម្រិត នៅក្នុងស្រាស និងទឹកព្រែកទេ នៅខេត្តក្រចេះ ដែលជាហេតុផល នាំឲ្យមានអ្នកស្លាប់ និងរងគ្រោះរាប់សិបនាក់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។
ក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា «ដើម្បីធានាសុវត្ថិភាព និងបង្កាគ្រោះថ្នាក់បន្ថែមទៀត ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងព្រែក និងដៃព្រែកទេ បញ្ឈប់ការពិសាស្រាស និងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តក្រចេះ ដោយបញ្ឈប់ប្រើប្រាស់ទឹកព្រែកទេ និងទឹកតាមដៃព្រែកទេ ជាបណ្តោះអាសន្នសិន ហើយរង់ចាំក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យ ស្រាវជ្រាវ និងដកហូតស្រាដែលមានជាតិពុល និងពិនិត្យឃើញថា ទឹកក្នុងព្រែកទេ ត្រូវបានសាបអស់ជាតិពុលសិន បន្ទាប់មកក្រសួង និងអាជ្ញាធរមូលដ្ឋាននឹងជូនដំណឹងតាមក្រោយ»។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បន្តជួបគ្រោះអាសន្ន ឬទទួលបានដំណឹងអំពីករណីទាំងនេះ សូមមេត្តាផ្តល់ដំណឹងជាបន្ទាន់ ជូនភ្នាក់ងារមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែលកំពុងឈរជើង នៅតំបន់នោះ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបង្កើនការប្រុង ប្រយ័ត្នបន្ថែម ព្រមទាំងចូលសហការជាមួយអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចជំនាញ ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អាសន្ននេះ ឲ្យមានប្រសិទ្ធភាព៕