(ភ្នំពេញ)៖ នៅឆ្នាំ២០១៨នេះ ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» កាកបាទក្រហមកម្ពុជា បានទទួលការបរិច្ចាគថវិកាជាង១៨លានដុល្លារ(ទិន្នន័យបណ្ដោះអាសន្ន) ពីសប្បុរសជននានា។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
យោងតាមទិន្នន័យបណ្ដោះអាសន្ន ដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាសរុបពីសប្បុរសជននានាចំនួន១៧,៧៣៦,៧១២ដុល្លារ និងលុយខ្មែរ ១១៨, ២៤២,៣០០,០រៀល សរុបបញ្ចូលគ្នាជាង១៨លានដុល្លារ។
ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេចបានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕