(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល៦ខែ កន្លងមកនេះ ស្ពានបាឡេថ្មីសន្លាងមួយ ដែលឆ្លងកាត់ទន្លេសាបពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារនោះ នឹងត្រូវដាក់បើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នេះហើយ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ រៀងរាល់រៀបចំពិធីតូចធំនានា គេតែងប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីជាមុនសិន តួយ៉ាងដូចជាពិធីបើកសម្ពោធសមិទ្ធផលស្ពាននេះជាដើម។ ដើម្បីប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរឲ្យបានខ្ជាប់ខ្ជួន ទើបនាព្រឹកថ្ងៃទី០៨ ខែឧសភានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធីក្រុងពាលី នៅក្បែរគល់ស្ពាឆ្លងកាត់ទន្លេសាប ឫស្សីកែវ-ជ្រោយចង្វារ មុនបើកសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបាឡេថ្មីនារសៀលថ្ងៃពុធនេះ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានបាឡេឆ្លងកាត់ទន្លេសាប បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី០៥ ខែឧសភា និងបានសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរណ៍ ការដំឡើងស្លាកសញ្ញាចរាចរណ៍ ការលាបគំនូសចរាចរណ៍ និងដំឡើងភ្លើងស្តុបថ្មី ដែលឈានទៅដាក់ឲ្យដំណើរការធ្វើចរាចរណ៍នៅថ្ងៃនេះ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ Fresh News ថា ស្ពានបាឡេថ្មីនេះមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាសាងសង់ចំនួន ៩លានដុល្លារ ប្រើពេលសាងសង់៦ខែ។ ពេលដំណើរការ រថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស ២.៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ៕