(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបtIប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។

ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

ទិវានេះក៏មានការអញ្ជើញចូលរួមពីសប្បុរសជនជាតិ-អន្ដរជាតិ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរយនាក់។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០១៧កន្លងទៅ តាមរយៈជំនួយពីសប្បុរសជននានា និងដៃគូជាតិ-អន្ដរជាតិ បានសម្រេចនូវការងារអាទិភាពធំៗជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសរុបជិត ២៥ម៉ឺនគ្រួសារ ពិសេសជួយស្វែងរកសមាជិកគ្រួសារ ដែលបានបែកគ្នាកាលពីជំនាន់ប៉ុលពត ឲ្យបានជួបគ្នាវិញជាច្រើនគ្រួសារផងដែរ។

លើសពីនេះក្នុងឆ្នាំ​២០១៧កន្លងទៅ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​ នៃវិស័យស្នូលទាំង​៤​ ឲ្យប្រតិបត្តិការទៅដោយរលូន​ និងមានប្រសិទ្ធភាព​។ ក្រៅពីឆ្លើយតបចំពោះភាពងាយរងគ្រោះ​ និងរងគ្រោះ​ សរុបជិត ២៥ម៉ឺនគ្រួសារហើយនោះ ថែមទាំងសម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នានានៅកម្ពុជាមានដូចជា៖

* ខួងអណ្តូងទឹងចំនួន ២៩៧
* ជីកស្រះទឹកចំនួន ៩
* សង់បង្គន់អនាម័យចំនួន ១,១៦១
* សង់ផ្ទះចំនួន ១៨០ខ្នង
* ផ្តល់ធុងចម្រោះទឹកចំនួន ១៥០
* ផ្តល់ពាងទឹកចំណុះ ៧០០លីត្រចំនួន ៤៨
* ផ្តល់ស៊ីទែនទឹកចំណុះ ៣,០០០លីត្រចំនួន ១២
* ផ្តល់បំពង់ពន្លត់អគ្គិភ័យចំនួន ៨៧
* ផ្តល់មួកសុវត្ថិភាពចំនួន ២១០
* ចែកខិតប័ណ្ណពិការភាពចំនួន ២៨,១៩០ និងខិតប័ណ្ណគ្រឿងស្រវឹងចំនួន ៦៧,៥០០
* ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាពរបស់កាកបាទក្រហមបានចំនួនជាង ១ម៉ឺននាក់ ៕