ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ គណៈមេធាវី គឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និងប្រជាពលរដ្ឋទូទៅ
07-05-2018 21:16
(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គណៈមេធាវីនៃកម្ពុជា គឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និងប្រជាពលរដ្ឋទូទៅ ក្នុងការពង្រឹងវិស័យយុត្តិធម៌ ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនីតិរដ្ឋនៅកម្ពុជា។
លោកបានថ្លែងដូច្នេះ នៅក្នុងឱកាសដែលគណៈមេធាវី ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ចូលជួបសម្តែងការគួរសម នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅអគារស នៃវិមានរដ្ឋចំការមន។
ជាមួយគ្នានេះ លោក អ៊ឹម ឈុនលឹម ក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ ការកែទម្រង់ស្ថាប័នគណៈមេធាវីកន្លងមក ពីមួយអាណត្តិទៅមួយអាណត្តិ ឲ្យកាន់តែល្អប្រសើរ ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈមេធាវី ការពង្រឹងការអនុវត្តច្បាប់ ជាពិសេសការលើកកម្ពស់យុត្តិធម៌សង្គម៕