(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថែ្លងថា ក្រសួងបានសហការជាមួយដៃគូនានា រួមទាំងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត និងឈានដល់ការលុបបំបាត់ជំងឺឆ្កែឆ្កួត ក្នុងឆ្នាំ២០១៣០ ដោយគ្រោងនឹងបើកមជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទី២ ក្នុងខេត្តបាត់ដំបងខាងមុខនេះខណៈ។ ជំងឺនេះ បានសម្លាប់ប្រជាជនកម្ពុជាប្រមាណ៨០០នាក់ ជារៀងរាល់ឆ្នាំ ។
ក្រៅពីមជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទី២នេះ ក្រសួងនឹងពង្រីកទីតាំងផ្សេងទៀត ដើម្បីការពារប្រជាពលរដ្ឋ កុំឲ្យកើតជំងឺឆ្កែឆ្កួតនេះ ពិសេសផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលនៅតាមបណ្ដាខេត្ដ និងកន្លែងដាច់ស្រយាលពិបាកធ្វើដំណើរមកចាក់ថ្នាំបង្ការ មកដល់ភ្នំពេញ ពេលដែលត្រូវឆ្កែឆ្កួតខាំនោះ ។ នេះបើតាមការលើករបស់រដ្ឋមន្ដ្រី ថ្លែងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាទំនាក់ទំនង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានការចូលរួម ពីស្ថាប័នពាក់ព័ន្ធជាតិ-អន្ដរជាតិ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងទៀតថា «ដើម្បីឈានលុបបំបាត់ជំងឺឆ្កែឆ្កួត ក្នុងឆ្នាំ២០៣០ ខាងមុខនេះ ក្រៅពីមានការសហការជាមួយដៃគូពាក់ព័ន្ធ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋផងដែរ គឺចិញ្ចឹមឆ្កែ ត្រូវចាក់ថ្នាំបង្កាជំងឺឲ្យបានត្រឹមត្រូវ, យើងត្រូវប្រុងប្រយ័ត្ន កុំឲ្យឆ្កែឆ្កួតខាំ ពិសេសឆ្កែដើរតាមផ្លូវ ហើយបើកឆ្កែខាំភ្លាម ត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់ថ្នាំឲ្យបានគ្រប់ចំនួន» ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដទៀថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាដៃគូដ៏សំខាន់មួយ របស់ក្រសួងសុខាភិបាលតាំងពីឆ្នាំ១៩៩២មក ដើម្បីជាប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការងារជាច្រើនដូចជា ការអង្កេតវិទ្យាសាស្រ្តលើជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម ជំងឺឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ការស៊ាំនឹងថ្នាំផ្សះ ជំងឺគ្រុនផ្តាសាយបក្សី ជំងឺរលាកថ្លើម មេរោគហ៊ីវ-ជំងឺអេដស៍ ការប្រយុទ្ធប្រឆាំងនឹងសត្វមូស ។វិទ្យាស្ថាននេះ ក៏បានផ្តល់ថ្នាំបង្ការជំងឺឆ្កែឆ្កួតជូនអ្នកជំងឺប្រមាណ២២,០០០នាក់ក្នុងឆ្នាំកន្លងទៅផងដែរ ហើយការគ្រោងនឹងបង្កើតមជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ទី២ នៅខេត្តបាត់ដំបងនេះ គឺជាការបោះជំហានមួយយ៉ាងសំខាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួត ។
ទន្ទឹងនឹងនោះ រដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានជួយគាំទ្រដល់ក្រសួង លើការងារប្រយុទ្ធនឹងជំងឺឆ្លង ការបង្កើតសកម្មភាពបណ្តុះបណ្តាល និងផ្តល់សេវាមន្ទីរពិសោធន៍ ពិសេសនូវការខិតខំប្រឹងប្រែងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិអំពីការស្រាវជ្រាវ ដែលធ្វើឡើងដោយប្រទេសកម្ពុជា ហើយបានជម្រុញលើកទឹកចិត្តនៅក្នុងដំណើរការនេះ ។ក្រសួង នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង និងវិទ្យាស្ថានប៉ាស្ទ័រនៅប៉ារីស ព្រមទាំងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីគាំទ្រ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៕