(កណ្ដាល)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធ មានរាជរដ្ឋាភិបាល តំណាងសហជីព តំណាងនិយោជក អង្គការអន្តរជាតិខាងការងារ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត នៅគ្រប់មូលដ្ឋានការងារ។
លោកលើកឡើងបែបនេះ ក្នុងឱកាសប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ៖ ភាពងាយរងគ្រោះផ្នែកសុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិតវ័យក្មេងលើកទី១៣ ដែលរៀបចំធ្វើឡើងនៅក្នុងតំបន់អភិវឌ្ឍន៍វិហារសួគ៌ (7NG) ខេត្តកណ្តាល នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ទន្ទឹមនឹងការកោតសរសើរនេះ លោក អ៊ិត សំហេង ផ្តល់ជាអនុសាសាន៍មួយចំនួនផងដែរ រួមមាន៖
១៖ ក្រសួងបាននិងកំពុងបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ តាមរយៈការបង្កើនប្រសិទ្ធភាព នៃការចុះអធិការកិច្ចការងារ និងការបន្តពង្រឹងយន្តការត្រីភាគីនៃគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារនៅគ្រប់កម្រិតទាំងអស់ រួមទាំងនៅតាមសហគ្រាស គ្រឹះស្ថានផងដែរ សំដៅ កាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ។
បំផុសការចូលរួមបន្ថែមទៀតពីយុវជនកម្ពុជាក្នុងសកម្មភាពការងារសុខភាព និងសុវត្ថិភាពការងារ ដែលពួកគេជាទំពាំងស្នងឫស្សី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដើម្បីសុវត្ថិភាពការងារ និងធានានូវបរិយាកាសការងារល្អសម្រាប់កម្មករនិយោជិតទាំងអស់ នៅឆ្នាំ២០៣០។
២៖ សម្រាប់ភាគីអ្នកគ្រប់គ្រងសហគ្រាស សូមស្នើឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវប្រុងប្រយ័ត្ន អំពីបរិយាការណ៍កម្ដៅនៅក្នុងអគារផលិតកម្ម ខណៈដែលមានអាកាសធាតុក្តៅខ្លាំង ការប្រើប្រាស់សារធាតុគីមី និងការប្រើប្រាស់ប្រព័ន្ធឡចំហាយ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងសេចក្តីជូន ដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអនុវត្តតាមការណែនាំរបស់មន្ត្រីអធិការកិច្ច ការងារសំដៅបង្ការឱ្យបាននូវរាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងបញ្ចៀសបាននូវការខាត បង់ទ្រព្យសម្បត្តិរបស់សហគ្រាស គ្រឹះស្ថាន។
* រៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅកន្លែងធ្វើការ។
* រៀបចំរបាយការណ៍អំពីហានិភ័យការងារ ដែលកើតឡើងជាញឹកញាប់នៅកន្លែងធ្វើការ ពេលវេលាក្នុងការចាត់វិធានការណ៍ការពារ និងការគ្រប់គ្រងប្រភេទគ្រោះថ្នាក់ចម្បងៗ។
* កំណត់ប្រភេទនៃគ្រោះថ្នាក់នីមួយៗ ដើម្បីផ្តល់វិធានឱ្យមានប្រសិទ្ធភាព ក្នុងការបន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។
* បិទផ្សាយអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ ព្រមទាំងវិធានការការពារផ្សេងៗ តាមរយៈការវិភាគទិន្នន័យសុខភាព និងសុវត្ថិភាពការងារក្នុងសហគ្រាស គ្រឹះស្ថាន។
* រៀបចំកម្មបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត។
៣. សម្រាប់ភាគីកម្មករនិយោជិត៖
* យកចិត្តទុកដាក់ក្នុងផ្តល់ព័ត៌មានដល់អ្នកគ្រប់គ្រងអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ។
* ស្វែងយល់អំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាននៅកន្លែងធ្វើការ និងវិធានការការពារខ្លួនពីអ្នកគ្រប់គ្រង ឬមន្ត្រីសុវត្ថិភាពការងារ។
* បង្កើនការយល់ដឹងអំពីព័ត៌មានស្តីពីសុខភាព និងសុវត្ថិភាពដែលបានបិទផ្សាយនៅក្នុងសហគ្រាស គ្រឹះស្ថាន៕