(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការ​សាងសង់វិមាន​ឈ្នះ-ឈ្នះ នៅព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា បច្ចុប្បន្ននេះ តួរសំណង់វិមានឈ្នះ-ឈ្នះ កសាងបានជិត​៩០ភាគរយ នៃវិមានខណៈពេលនេះ ក្រុមអ្នកជំនាញកំពុងសិក្សាស្វែងយល់លើការរចនារូបសំណាក់ និងក្បូរក្បាច់រចនានានា ដើម្បីយកមក​តាំងលម្អនៅក្នុងវិមាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ នៅព្រលប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្រោយបញ្ចប់កិច្ចប្រជុំជាមួយភាគី ពាក់ព័ន្ធទាំងអស់ ស្តីពីការសាងសង់ស្តូបវិមានឈ្នះ-ឈ្នះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអភិបាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លោកឧកញ៉ា លី យ៉ុងផាត់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចពិជ័យបានមានប្រសាសន៍យ៉ាងដូច្នេះថា «គិតជាភាគរយនៃតួសំណង់មែនទែន គឺថាវានៅសល់តិចណាស់ គឺអាចឈានទៅ ដល់៨០ ឬ៩០ភាគរយ តែសំខាន់សំណង់ទទេមិនអាចហៅថាគ្រប់លក្ខណៈនោះទេ គឺត្រូវមានភាពលម្អរបស់វា ជាពិសេសក្បូរក្បាច់រចនា និងរូបសំណាក់»

សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា ទោះបីជាតួរវិមានយើងកសាងជិតរួចរាល់ក៏ដោយ ក៏ប៉ុន្តែក្រុមការងារត្រូវខិត​ខំយកចិត្តទុក​ដាក់ បន្ថែមទៀត លើកិច្ចការងារសាងសង់នេះ ឱ្យទទួលបានលទ្ធផលល្អ ជាពិសេសគឺការរៀបចំសារមន្ទីរនៅក្នុងវិមានផងដែរ មិនតែប៉ុណ្ណោះ ត្រូវពិនិត្យមើលលើលក្ខណៈសម្បត្តិរូបចម្លាក់នានាដែលយកតាំង ដើម្បីឱ្យសាកសមជាវិមានឈ្នះ-ឈ្នះ ដែលនឹងគ្រោងឆ្ពោះទៅកាន់ការប្រារព្ធ ពិធីខួប២០ឆ្នាំ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅទូទាំផ្ទៃប្រទេស។

សូមជម្រាបថា ស្តូបវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» ដែលយកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះត្រូវសាងសង់ លើផ្ទៃដីសរុបចំនួន៨ហិកតា ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រៅពីសំណង់វិមាននេះ ក៏មានការសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងកន្លែងសម្រាប់សិក្សាស្រាវជ្រាវនានាផងដែរ៕