(ភ្នំពេញ)៖ ក្រៅពីថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីនៃកម្ពុជា អស់រយៈពេលជាងមួយម៉ោងនៅក្នុងវិមានសន្តិភាព, ដោយបានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា និងលើកឡើងអំពីមិត្តភាពដ៏យូរលង់រវាងកម្ពុជា និងសហរដ្ឋអាមេរិកហើយនោះ, លោក Doug Ericksen គឺសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងរដ្ឋវ៉ាស៊ីនតោន ក៏បានបន្តផ្តល់កិច្ចសម្ភាសន៍ពិសេសដល់ក្រុមអ្នកយកព័ត៌មាន នៅមុនដំណើរចាកចេញពីវិមានសន្តិភាព។
កិច្ចសម្ភាសន៍នោះសមាជិកព្រឹទ្ធសភាបានឆ្លើយឆ្លងជាមួយក្រុមអ្នកយកព័ត៌មាន ជាមួយខ្លឹមសារដូចខាងក្រោម៖
Q: តើលោកអាចបញ្ជាក់បានទេថា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា តើបានពិភាក្សាអំពីអ្វីខ្លះ ?
A: យើងពិភាក្សាអំពីទំនាក់ទំនងកម្ពុជា និងរដ្ឋវ៉ាស៊ីនតោន (Washington State) លើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងមិត្តភាព ព្រមទាំងទំនាក់ទំនងជារួមរវាងកម្ពុជា និងសហរដ្ឋអាមេរិកតែម្តង ថាតើយើងអាចធ្វើឲ្យទំនាក់ទំនងនេះប្រសើរឡើងដោយរបៀបណា? ហើយយើងចង់ទិញទំនិញបន្ថែមពីកម្ពុជា និងយើងក៏ចង់នាំបញ្ជូនទំនិញយើង បន្ថែមចូលមកកម្ពុជាវិញផងដែរ។
Q: តើលោកអាចបញ្ជាក់បានទេថា អ្វីទៅគោលបំណងរបស់លោកមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ?
A: គោលដៅដែលខ្ញុំមកទីនេះ ជាមិត្តភក្តិរបស់ខ្ញុំពីរដ្ឋវ៉ាស៊ីនតោន គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា និងកសាងចំណងមិត្តភាព។ វាពិតជាសំខាន់ណាស់ ដែលយើងត្រូវធ្វើការងាររួមគ្នា ដើម្បីកសាងចំណងមិត្តភាព, ជម្រុញប្រជាជនអាមេរិកបន្ថែមឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា, នាំយកនិស្សិតកម្ពុជាបន្ថែមទៀត ឲ្យទៅបន្តការសិក្សានៅរដ្ឋវ៉ាស៊ីនតោន ហើយនិងបន្តធ្វើការងារលើការពង្រឹងទំនាក់ទំនងទាំងនោះ។
Q: តើលោកនឹងត្រូវជួបជាមួយបុគ្គលណា ឬស្ថាប័នណាខ្លះនៅក្នុងប្រទេសកម្ពុជានាពេលនេះ?
A: ប្រាកដណាស់! យើងមានឱកាសដ៏ប្រសើរថ្លៃថ្លា ដោយបានជួបថ្នាក់ដឹកនាំមួយចំនួនរួចមកហើយដូចជា សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចប្រធានព្រឹទ្ធសភា ហើយនៅថ្ងៃស្អែកនេះយើងនឹងត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍... គួរឲ្យសោកស្តាយដែរ ដែលយើងមិនបានជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៉ុន្តែយើងនឹងបង្កើតឱកាសនោះឡើង នៅថ្ងៃក្រោយទៀត។
Q: តើលោកមានបំណងជួបពិភាក្សាជាមួយគណបក្សដទៃទៀតនៅក្នុងប្រទេសកម្ពុជាទេ ?
A: ក្នុងដំណើរមកដល់លើកនេះ គឺយើងផ្តោតសំខាន់តែមួយគត់លើវិស័យពាណិជ្ជកម្ម ជាមួយនឹងមនុស្សសំខាន់ៗ ដែលយើងអាចធ្វើការពិភាក្សាជាមួយ ស្តីអំពីគោលដៅពាណិជ្ជកម្ម ហើយនាឱកាសនេយើងមិនមានគោលដៅពិភាក្សាលើបញ្ហានយោបាយនោះទេ។
Q: ក្នុងដំណើរទស្សនកិច្ចពេលនេះ តើលោកមើលឃើញយ៉ាងម៉េចដែរ អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចជាស្ថានភាពនយោបាយ និងការអភិវឌ្ឍជាដើម?
A: ខ្ញុំគិតថា កម្ពុជាមានភាពជោគជ័យហួសពីការស្មាន នាប៉ុន្មានឆ្នាំចុងក្រោយនេះ សន្តិភាព និងសន្តិសុខ អនុញ្ញាតឲ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រទេសជាតិ ដូចសព្វថ្ងៃនេះ ហើយខ្ញុំគិតថា វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលប្រទេសនេះ អាចសម្រេចបាននូវដំណើរឆ្ពោះទៅមុខ បើប្រៀបធៀបជាមួយជាលើកមុន និងការទស្សនកិច្ចរបស់ខ្ញុំលើកទី ២ ពេលនេះ ខ្ញុំមានអ្នករួមដណើរដែលធ្លាប់មកទីនេះ ៣ដងមកហើយ កាលពី ១០ឆ្នាំមុន, ០៥ឆ្នាំមុន ហើយបន្ទាប់មកគឺថ្ងៃនេះ យើងបានឃើញការរីកចំរើន ពិតជាគួរឲ្យភ្ញាក់ផ្អើល។
សមាជិកព្រឹទ្ធសភា Michael Baumgartner បានថ្លែងថា ពិតប្រាកដណាស់ នេះគឺជាដំណើរលើកទី ៣ របស់ខ្ញុំមកកាន់កម្ពុជា ដែលដំណើរលើកដំបូង គឺកាលពី ១០ឆ្នាំមុន និងដំណើរលើកទីពីរកាលពី ០៥ឆ្នាំមុន ហើយក្នុងដំណើរមកកាន់ទីនេះម្តងៗ ខ្ញុំបានមើលឃើញនូវការអភិវឌ្ឍសេដ្ឋកិច្ច និងដំណើរការអភិវឌ្ឍទៅមុខ... កាលពីមុខ ខ្ញុំធ្លាប់ជាអ្នក នយោបាយអស់រយៈពេល ០៨ឆ្នាំ ខ្ញុំធ្លាប់បានចំណាយពេលនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន... ខ្ញុំបានឃើញផ្ទាល់ភ្នែកនូវតំបន់ដែលអស្ថិរភាព ហើយខ្ញុំដឹងថា កម្ពុជាធ្លាប់មានប្រវត្តិសាស្ត្របែបនេះ...ខ្ញុំពិតជារីករាយដែលបានឃើញសន្តិភាព និងស្ថិរភាពនៅទីនេះ ដូច្នេះយើងត្រៀមខ្លួនជានិច្ចក្នុងការធ្វើឲ្យទំនាក់ទំនងមិត្តភាពប្រសើរឡើងជាមួយប្រជាជនកម្ពុជា និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច យើងនៅទីនេះតំណាងឲ្យរដ្ឋវ៉ាស៊ីនតោន ហើយយើងទន្ទឹមរង់ចាំ ដើម្បីជម្រុញវិស័យពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនង។
Q: ដូចលោកជ្រាបហើយថា បច្ចុប្បន្នកម្ពុជារៀបចំដំណើរការបោះឆ្នោតរបស់ខ្លួន ដោយមិនមានវត្តមានអតីតបក្សប្រឆាំង បក្សសង្គ្រោះជាតិនោះឡើយ តើលោកយល់ឃើញយ៉ាងណាដែរ?
A: ពិតប្រាកដណាស់! វាអាស្រ័យលើកម្ពុជាជាអ្នកសម្រេចចិត្តថា តើពួកគេអាចចាត់ចែងវាដោយវិធីណា ហើយវាក៏អាស្រ័យលើប្រជាពលរដ្ឋកម្ពុជាជាអ្នកសម្រេចចិត្តផងដែរ មិនមែនសមាជិកសភានៃរដ្ឋវ៉ាស៊ីនតោន ជាអ្នកធ្វើការសម្រេចចិត្ត ឬកាត់សេចក្តីជំនួសថា អ្នកគួរដោះស្រាយបញ្ហាដោយវិធីណានោះទេ... គោលដៅរបស់យើង គឺមកធ្វើការងារជាមួយប្រជាជនកម្ពុជានៅទីនេះ ជាមួយនឹងរដ្ឋាភិបាលកម្ពុជាដែលកំពុងកាន់អំណាចពេលនេះ និងរដ្ឋាភិបាលនៅពេលអនាគត ដើម្បីលើកតម្កើងផ្នែកពាណិជ្ជកម្ម ចំណងមិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយបញ្ហាទាំងនោះ គឺសម្រាប់អ្នកនិងប្រទេសកម្ពុជា ក្នុងការដោះស្រាយដោយផ្ទៃក្នុង។
Q: សម្រាប់ទំនាក់ទំនងកម្ពុជា និងអាមេរិកវិញ ដូចលោកជ្រាបថា បច្ចុប្បន្នហាក់មិនសូវជាល្អនោះទេ តើលោកនឹងមានគម្រោងជួយស្រោចស្រង់ ទំនាក់ទំនងនេះឲ្យវិលទៅរកភាពល្អប្រសើរដែរឬទេ?
A: បាទ! កម្ពុជា និងអាមេរិកគួរតែជាមិត្តភក្តិនឹងគ្នា... យើងជាប្រទេសដែលមានប្រវត្តិសាស្ត្ររួមគ្នាដ៏យូរលង់ ប៉ុន្តែគួរឲ្យសោកស្តាយដែលយើងមិនអាចកែតម្រូវប្រវត្តិសាស្ត្រ ជាមួយរឿងពិតទាំងឡាយដែលធ្លាប់បានកើតមានមិនល្អពីមុនមក ប៉ុន្តែយើងអាចកែប្រែរឿងរ៉ាវអតីតកាលទាំងនោះ ហើយឆ្ពោះដំណើរទៅមុខវិញ ដើម្បីជម្រុញទំនាក់ទំនងឲ្យប្រសើរឡើង។ ខ្ញុំគិតថា បើសិនជាកម្ពុជាអភិវឌ្ឍន៍ទៅមុខ កម្ពុជាតូចក៏ពិតមែន តែជាប្រទេសដែលសំខាន់ខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ហើយកំពុងប្រែក្លាយខ្លួន ឲ្យកាន់តែសំខាន់ខ្លាំងឡើងៗជារៀងរាល់ថ្ងៃ, ប្រសិនបើកម្ពុជាអភិវឌ្ឍន៍ទៅមុខ ហើយមានសេដ្ឋកិច្ចកាន់ខ្លាំងក្លានោះ វាប្រាកដជាសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកនៅកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងល្អ។ ខ្ញុំគិតថា ខ្ញុំកំពុងទន្ទឹងរង់ចាំវាកើតឡើងនៅថ្ងៃអនាគត និងជួយចូលរួមកសាងស្ពានរវាងប្រទេសយើងទាំងពីរ៕