(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ យ៉ាងអធិកអធមជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង ក៏ដូចជា ពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេស បួងសួងសុំសេចក្ដីសុខ ក្នុងដំណើរការសាងសង់ទូកងវែងជាងគេលើលោក ក្នុងនោះមានព្រះសង្ឃ និមន្តគោចរបិណ្ឌបាតចំនួន៨៨អង្គ។ ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋចាស់ទុំក្នុងខេត្តជាង១០០០នាក់ផងដែរ។
ពិធីបួងសួងនេះ មានគោលបំណងសំខាន់បំផុត គឺសុំសេចក្ដីសុខជួនក្រុមជាង ដែលកំពុងដំណើរការធ្វើទូកងវែងជាងគេបំបែកកំណត់ត្រាពិភពលោក ក៏ដូចជា ប្រជាពលរដ្ឋដែលចូលរួមសាងសង់ទូកនេះ ឲ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ក៏ដូចជា បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ។ នេះជាមោទនភាពសម្រាប់អ្នកខេត្តព្រៃវែង និយាយដោយឡែក ហើយនិយាយជារួម គឺប្រទេសកម្ពុជាតែម្ដង ដែលបានសាងសង់ទូកបំបែកកំណត់ត្រាពិភពលោក ខណៈប្រទេសចិនជាម្ចាស់កំណត់ត្រានេះ នាពេលបច្ចុប្បន្ន។
ទូករបស់កម្ពុជា ដែលត្រៀមចេញជារូបរាងនេះ មានប្រវែងរហូតដល់៨៥.៥ម៉ែត្រ និងទទឹង១,៥៥ម៉ែត្រ ដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ឯណោះ។ ទូកដ៏វែងមួយនេះ នឹងត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូកធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។ ទោះបីជាយ៉ាងណា ថ្មីៗនេះ ដើមគគីរធំៗចំនួនពីរដើមទៀត ទើបត្រូវបានដឹកពីខេត្តព្រះវិហារមកដល់កន្លែងសាងសង់តំបន់ចុងប៉មនៃខេត្តព្រៃវែងទៀតហើយ និងបន្តដំណើរការធ្វើទូកនេះ។
បើតាមលោក ស សុខា ជាស្ថាបនិក នៃគំនិតផ្ដួចផផ្ដើមកសាងទូកនេះ ធ្លាប់បានគួសបញ្ជាក់ថា ក្រុមការងារបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការកំណត់ត្រាពិភពលោករហូតមក និងទទួលបានការណែនាំ ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈត្រឹមត្រូវ តាមបទដ្ឋានកំណត់។ តាមការគ្រោងទុកទូកងវែងជាងគេ នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ និងត្រូវសែងទម្លាក់ទឹក ដោយមានការរៀបចំពិធីបែបសាសនា និងមានការចូលរួមសែងពីប្រជាពលរដ្ឋប្រមាណ ២០០០នាក់ផងដែរ។
សូមបញ្ជាក់ថា ការសាងសង់ទូកងវែងជាងគេ បំបែកកំណត់ត្រាពិភពលោកនេះ ការផ្ដួចផ្ដើមរបស់ឯកឧត្ដម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង ដោយសហការជាមួយអាជ្ញាធរខេត្ត ដើម្បីចូលរូមដំណែកលើកស្ទួយកិត្យានុភាពខេត្តព្រៃវែង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ម្យ៉ាងទៀតក៏ស្របពេលដែលកម្ពុជាកំពុងដំណើរការត្បាញក្រមារប្រវែង ១ ០០០ម៉ែត្របំបែកកំណត់ត្រាពិភពលោកផងដែរ។
ដំណើរការសាងសង់ទូកដ៏វែងនេះ ត្រូវបានចាប់ផ្ដើមឡើងតាំងពីឱកាសបុណ្យចួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកម៉្លេះ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួម ជួយសាងសង់តាំងពីពេលនោះមក៕