(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ពីលទ្ធផលនៅមន្ទីរពិសោធន៍ ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងធ្លាក់ខ្លួនឈឺនៅខេត្តក្រចេះ គឺបណ្តាលមកពីពុលស្រាស ដោយរកឃើញថា ជនរងគ្រោះ ដែលស្លាប់មានជាតិមេតាណុលខ្ពស់។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីការស្រាវជ្រាវរកមូលហេតុបន្តទៀត ចំពោះអ្នកជំងឺដែលមិនបានពិសាស្រា។ នេះបើយោងតាមរបាយការណ៍ នៃលទ្ធផលប្រជុំរបស់លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក តែ គុយស៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល។
តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់។ សម្រាប់ជនរងគ្រោះដែលបាត់បង់ជីវិតទាំង១៣នាក់ គឺស្លាប់នៅផ្ទះចំនួន៦នាក់, ស្លាប់នៅមន្ទីរពេទ្យបង្អែកម្នាក់, ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត២នាក់, ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់ និងស្លាប់នៅតាមផ្លូវពេលបញ្ចូនដល់មន្ទីរពេទ្យកាល់ម៉ែត២នាក់។
នៅក្នុងកិច្ចប្រជុំនេះលោក តែ គុយស៊ាន បានបន្តផ្តាំផ្ញើដល់មន្រ្តីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ពិសេសបុគ្គលិក មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ព្យាបាល អ្នកជំងឺឲ្យបានខ្លាំងឡើង។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា សម្រាប់គោលដៅទាំង២ ដែលកើតហេតុនោះ លោកបានចាត់ឲ្យកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ន មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅប្រចាំការជាប់ ដើម្បីជួយអន្តរាគមន៍ដល់ជនរងគ្រោះ និងជួយដឹកមកកាន់មន្ទីរពេទ្យ នៅពេលមានជនរងគ្រោះផ្សេងទៀត។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ កម្លាំងនគរបាលរបស់លោក បានដឹកទឹកជាបន្តបន្ទាប់ជាង២០រថយន្ត ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋនៅភូមិ ទីដែលរងគ្រោះដោយសារពុលទឹក ក្នុងឃុំកន្ទួត ស្រុកចិត្របុរី។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះ យើងបានបញ្ជូនរថយន្តដឹកទឹកចំនួន២គ្រឿងទៀត (នៅកន្លែងកើតហេតុមានមួយគ្រឿង) យកទឹកចែកជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ដូច្នេះឡានទឹកទាំងអស់៣គ្រឿង ដោយបានដឹកទឹកចែកចាយពួកគាត់បានជាង២០ឡានហើយ សម្រាប់ឲ្យពួកគាត់យកទៅហូប និងប្រើប្រាស់ជាបណ្តោះអាសន្ន ខណៈទឹកព្រែកដែលពួកគាត់ធ្លាប់ហូប និងប្រើប្រាស់កន្លងទៅនោះ ត្រូវហាមសិនទំរាំមានការស្រាវជ្រាវ និងអនុញ្ញាតឡើងវិញ»។
សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ, ក្អួតចង្អោរ, ឈីក, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើម រហូតបណ្តាលឲ្យស្លាប់ និងជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យកាល់់ម៉ែត រាជធានីភ្នំពេញ៕