(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សចំនួន៣រួមមាន៖ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅ២៥មណ្ឌលរាជធានី ខេត្ត, គណបក្សយុវជនកម្ពុជា ឈរឈ្មោះ នៅ១៧មណ្ឌល រាជធានី ខេត្ត និងគណបក្សសញ្ជាតិកម្ពុជា ឈរឈ្មោះនៅ២៥ រាជធានី ខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មានទទួលបាននៅយប់ថ្ងៃនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គ.ជ.ប ក៏បានបញ្ជាក់ផងដែរថា គណបក្សនយោបាយចំនួន៧ផ្សេងទៀត បានមកបំពេញបែបបទ តម្កល់ប្រាក់នៅរតនាគារជាតិ រួមមាន៖ គណបក្សខ្មែរអភិវឌ្ឃន៍សេដ្ឋកិច្ច, គណបក្សខ្មែរឈប់ក្រ, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សពន្លឺថ្មី។
បើតាម គ.ជ.ប គណបក្សប្រជាធិបេតយ្យមូលដ្ឋាន នៅថ្ងៃនេះ ក៏បានមកសុំពាក្យបង់ប្រាក់តម្កល់ចំនួន១៥លានរៀល នៅរតនាគារជាតិ រួចហើយដែរ ខណៈដែលគណបក្សខ្មែររួបរួមជាតិ បានមកដាក់ពាក្យសុំចុះបញ្ជី គណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅគ.ជ.ប ផងដែរ៕