(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SMEs) ជិត៥០ម៉ឺនសហគ្រាស ក៏ប៉ុន្តែក្នុងចំណោមទាំងអស់នោះ គឺមានរហូតដល់ទៅ៩៥ភាគរយ ដែលមិនទាន់បានចុះក្នុងបញ្ជីត្រឹមត្រូវ តាមច្បាប់បានកំណត់នោះទេ, ក្រសួងក៏បានទទូចដល់សហគ្រាសតូច និងមធ្យមទាំងអស់ ទៅចុះបញ្ជីឲ្យបានគ្រប់សហគ្រាស ដើម្បីជាការងាយស្រួលដល់រដ្ឋាភិបាល ក្នុងជួយដោះស្រាយពីផលវិបាករបស់សហគ្រាសណាដែលជួបនឹងបញ្ហាលំបាក។
ការថ្លែងបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ធ្វើឡើងនៅក្នុងវេទិកាស្តីពី «សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅសណ្ឋារគា ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមប្រមាណ២០០នាក់ និងមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័នរដ្ឋ។
លោកទេសរដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «យើងមានសហគ្រាសធុនតូច និងមធ្យម ជិត៥សែន ក៏ប៉ុន្តែនៅ៩៥ភាគរយ មិនទាន់បានចុះបញ្ជីនៅឡើយទេ គឺដោយតែពួកគាត់ខ្លាចក្នុងការបង់ថ្លៃពន្ធផង គាត់ខ្លាចអ្វីគ្រប់សព្វគឺគាត់មិនទាន់ដំណើរការទេ ហេតុដូច្នោះហើយធ្វើឲ្យយើងពិបាកជួយដល់ពួកគាត់ ដោយសារតែពួកគាត់មិនទាន់ស្របច្បាប់»។
លោកបន្តថា «ការដែលពួកគាត់មិនបានចុះឈ្មោះក្នុងបញ្ជី ធ្វើឲ្យរដ្ឋាភិបាលពិបាកក្នុងគ្រប់គ្រង ដោយថា មិនទាន់ថាពួកគាត់ស្លាប់ ឬរស់ (មានបញ្ហា ឬមិនមានបញ្ហា) នោះទេ នៅពេលដែលគាត់ចូលមកពួកយើងដឹងច្បាស់ និងរកវិធីសាស្ត្រជួយពួកគាត់បាន»។
លោកបន្ថែមទៀតថា ដើម្បីជួយដល់សហគ្រាសដែលមិនទាន់បានចុះឈ្មោះទាំងអស់នោះ គឺតម្រូវឲ្យពួកគាត់ចុះឈ្មោះស្របទៅនឹងច្បាប់ជាមុនសិន ទើបរដ្ឋាភិបាលកម្ពុជា អាចជួយដំណោះស្រាយរបស់សហគ្រាស ដែលកំពុងតែមានបញ្ហានាពេលសព្វថ្ងៃនោះបាន ដោយពន្យល់ពួកគាត់ឲ្យច្បាស់ពីបច្ចេកទេស ក្នុងការធ្វើអ្វីមួយក្នុងសហគ្រាសរបស់គាត់ ក្នុងប្រើប្រាស់បច្ចេកវិទ្យា ICT ព្រោះវាពិតជាដើរតួសំខាន់ណាស់ ដល់មនុស្សនាសម័យបច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចថានឹងបង្កើតធនាគារ SMEs សម្រាប់ផ្គត់ផ្គង់សេវាកម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក៏ប៉ុន្តែធនាគរដែលបង្កើតថ្មីមួយនេះ គឺមិនបានផ្គត់ផ្គង់ដូចធនាគារពាណិជ្ជកម្មមួយចំនួននៅកម្ពុជានោះទេ ដែលតម្រូវដាក់ប្លង់ដី ប្លង់ផ្ទះ ឬតម្កល់ទ្រព្យសម្បត្តិផ្សេងៗនោះទេ។ ធនាគារ SMEs នេះគឺគ្រាន់តែមើលគម្រោងរបស់សហគ្រាសទាំងអស់នោះ ថាតើគម្រោងរបស់សហគ្រាសតូចធំទាំងអស់នោះ អាចរកស៊ី និងមានលទ្ធភាពគ្រប់គ្រាន់ ធនាគារ SMEs នឹងផ្តល់ប្រាក់កម្ចីជូនដល់សហគ្រាសទាំងអស់នោះ តែក្នុងមិនមែនរយៈពេលវែងនោះទេ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះថាវាងាយស្រួលក្នុងការបង្វិលទុនចូលធនាគារវិញ៕