(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាកា តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់មេដាយការជាតិ ជូនអតីតយុទ្ធជន ស្រុករុក្ខគីរី ចំនួន៣៣៨នាក់។
ពិធីដែលត្រូវបានធ្វើនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក៏មានការចូលរួមពី លោក ឃៀង សុគន្ធា អនុប្រធានក្រុមការងារចុះជួយស្រុករុក្ខគីរី និងអនុប្រធានសមាគមអតីតយុទ្ធជនខេត្ត, ប្រធានកិត្តិយស ប្រធាន អនុប្រធានសមាគម ស្រុក ឃុំជាច្រើនរូបទៀត នៅបរិវេណសាលាស្រុករុក្ខគីរី។
បន្ទាប់ពីបានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ គន់ គីមរួចមក លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ក៏បានសុំឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ពេលមានធុរៈ ឬមានភាពមិនប្រក្រតីអ្វីមួយកើតឡើង នៅមូលដ្ឋានខ្លួនត្រូវទូរស័ព្ទប្រាប់មេប៉ុស្តិ៍រដ្ឋបាលឃុំ ដែលជាប្រធានសាខា ស.អ.ក ឃុំភ្លាម។
តំណាងនាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំ និងផ្ដាំផ្ញើដល់សមាជិកសមាគមទាំងអស់ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ជាមួយគ្នានេះ អតីតយុទ្ធជនស្រុករុក្ខគីរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងលំបាក ធ្វើឲ្យការរស់នៅរបស់ពួកគាត់មានភាពកក់ក្តៅឡើងវិញ ហើយពួកគាត់មិនស្តាប់តាមការញុះញង់របស់ សម រង្សី ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះទេ គាត់នឹងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច ហ៊ុន សែន ជាប្រធាន៕