(ភ្នំពេញ)៖ វេទិកាអូឡាំពិកតំបន់ "OS/OCA Regional Forum-2018 " ដែលរៀបចំឡើងរយៈពេល ២ថ្ងៃលើទឹកម្ចាស់ផ្ទះកម្ពុជា បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៧ ខែឧសភានេះ ដោយទទួលបាននូវផ្លែផ្កាជាច្រើន ក៏ដូចជាទទួលបានការកោតសរសើរពីគ្រប់តំណាងគណៈកម្មាធិការជាតិអូឡាំពិក(NOC) នៃបណ្ដាប្រទេសចូលរួម ជុំវិញភាពរីកចម្រើនស្ទើរមិនគួរឲ្យជឿនៃវិស័យកីឡាកម្ពុជាទៀតផង ។
លោក Haider Farman នាយកកីឡានៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានវាយតម្លៃខ្ពស់ ចំពោះដំណើរការវិវត្តន៍វិស័យកីឡាកម្ពុជា និងវិស័យផ្សេងៗ ពិសេសគឺការចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើនពីបណ្ដាប្រទេសចូលរួម ដែលជាប្រយោជន៍ទៅវិញទៅមក សម្រាប់ជាដើមទុនអភិវឌ្ឍន៍វិស័យកីឡាតាមបណ្ដាប្រទេសនីមួយៗ ពិសេសគឺប្រទេសកម្ពុជា ដែលត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ។
ជាមួយគ្នានោះ លោកស្រីបណ្ឌិត ស៊ូភីត សាម៉ាស៊ីតូ តំណាងគណៈកម្មាធិការជាតិអូឡាំពិកថៃ ក៏បានកើតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យកីឡាកម្ពុជា ដែលខុសប្លែកកាលពី ១៥ឆ្នាំមុន ដែលលោកស្រីធ្លាប់មកធ្វើវាគ្មិនលើកដំបូងនៅកម្ពុជា ។ ត្រង់ចំណុចនេះ លោកស្រីជឿជាក់ កម្ពុជានឹងឈានទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងឈានទៅរៀបចំព្រឹត្តិការណ៍ធំៗផ្សេងទៀត ។
តំណាង NOC ថៃរូបនេះ បានថ្លែងក្នុងដំណើរទស្សនៈកិច្ចទៅពហុកីឡដ្ឋានជាតិមរតកតេជោថា `«អ្វីដែលកម្ពុជាមានពេលនេះ គឺវាលឿនពេកហើយ ដូច្នេះសម្រាប់ ៥ឆ្នាំទៀត ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដូចជាមិនមានអ្វីត្រូវខ្លះ ហើយខ្ញុំក៏គ្មានអ្វីត្រូវបន្ថែមដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ ខ្ញុំចង់ឲ្យកម្ពុជា យកចិត្តទុកដាក់ជាមួយយុវជនឲ្យបានច្រើន ព្រោះយុវជនគឺជាអ្វីៗគ្រប់បែបយ៉ាង ដែលអាចធ្វើឲ្យហ្គេមរបស់យើងទទួលបានជោគជ័យ» ។
គួរបញ្ជាក់ថា វេទិកាអូឡាំពិកតំបន់ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ គឺធ្វើឡើង ២ថ្ងៃ នៅថ្ងៃទី០៧-០៧ ខែឧសភា ដោយមានតំណាងអង្គការសាមគ្គីអូឡាំពិកអន្ដរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកអន្ដរជាតិ ក្រុមប្រឹក្សាអូឡាំពិកអន្ដរជាតិប្រចាំតំបន់ រួមទាំងតំណាង ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកមកពី ២៥ប្រទេសផ្សេងទៀត ដើម្បីធ្វើការផ្លាស់ប្ដូរមតិយោគបល់ និងការចែករំលែកនូវបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ដូចជាកីឡាអាស៊ី នៅឥណ្ឌូនេស៊ី, កីឡាអូឡាំពិកយុវជន នៅអាហ្សង់ទីន និងកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុនជាដើម ៕