(ភ្នំពេញ)៖ នៅចំពោះមុខបុរសខ្លាំងកម្ពុជា សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបានឡើយ ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។
នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ជំនួបទ្វេភាគីដ៏ពិសេសមួយបានកើតឡើងរវាង នាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក Doug Ericksen គឺសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋវ៉ាស៊ីនតោន ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសសមាជិកអាស៊ានមួយនេះ។
ក្នុងជំនួបជាមួយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្ដិភាព សមាជិកព្រឹទ្ធសភារបស់អាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពិភពលោកមិនអាចប្រាប់ ប្រទេសកម្ពុជាថា ឲ្យត្រូវតែធ្វើរបៀបមិចៗនោះទេ មានតែប្រជាពលរដ្ឋកម្ពុជា ដែលត្រូវកំណត់ជោគវាសនារបស់ខ្លួនឯង អត់មានអ្នកណាកំណត់ជំនួសកម្ពុជាទេ»។ នេះបើយោងតាមការថ្លែងប្រាប់ទៅកាន់អ្នកកាសែតរបស់លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក្រោយបញ្ចប់ជំនួបពិភាក្សា។
សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ បានប្រកាសថា អ្វីដែលលោកចង់ឃើញ គឺការពង្រឹងមមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត រវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយថ្វីត្បិតតែប្រទេសកម្ពុជា មានប្រជាជនតិចត្រឹមតែ១៦លាននាក់មែន តែជាប្រទេសមួយមានសារសំខាន់ក្នុងតំបន់។ លោកក៏ចង់ឃើញការពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំង២ ជាពិសេសចង់ឃើញប្រជាពលរដ្ឋអាមេរិក អ្នករកស៊ីអាចមកឃើញជាក់ស្ដែង នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជានេះ។
ជាងនេះទៅទៀត លោក Doug Ericksen បានកត់សម្គល់ឃើញថា សេដ្ឋកិច្ចកម្ពុជាបានរីកលូតលាស់យ៉ាងលឿន ដោយសារការខិតខំ និងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្វីត្បិតតែកន្លងមកកម្ពុជា បានឆ្លងកាត់នូវឧបសគ្គជាច្រើន ប៉ុន្ដែមានអ្វីមកដល់សព្វថ្ងៃនេះ ដោយសារភាពអង់អាច ភាពតស៊ូរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជា។
ជាការឆ្លើយតប ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការអរគុណចំពោះវត្តមានរបស់លោក Doug Ericksen និងការលើកឡើងពីអ្វីដែលលោក បានមើលឃើញជាក់ស្ដែងនៅកម្ពុជា។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹទ្ធសមាជិកសភាអាមេរិករូបនេះ ពិតជាបានយល់យ៉ាងច្បាស់ពីស្ថានភាពពិតរបស់កម្ពុជា ហើយប្រធានាធិបតីអាមេរិក ក៏បានយល់ច្បាស់ផងដែរពីកម្ពុជា ខណៈដែលអ្នកដែលមិនបានឃើញកម្ពុជាជាក់ស្ដែង មិនបានយល់ពីកម្ពុជានោះទេ៕