(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអញ្ជើញចុះទៅពិនិត្យមើលស្ពានថ្មី និងអូរទឹក នៅតំបន់ទំនាប ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ដែលកន្លងមក តែងរងការជន់លិច មួយរយៈពេលខ្លីនៅពេលមានភ្លៀងធំ។
មន្រ្តីសាលាខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា ចាប់ពីពេលនេះទៅ តំបន់នេះអាចនឹងលែងមានការលិចលង់ទៀតហើយ បន្ទាប់ពីរដ្ឋបាលខេត្ត/ក្រុងព្រះសីហនុ បានធ្វើស្ពាន និងកែលម្អអូរផ្លូវទឹកឡើងវិញ ឬរំដោះអូរ ពីការរំលោភនានាមកវិញ ដើម្បីរៀបចំក្រុងព្រះសីហនុ ឲ្យមានសោភ័ណភាព កាន់តែប្រសើរឡើង សំរាប់ជាប្រយោជន៍សាធារណៈជនទូទៅ។
សូមបញ្ជាក់ថា នៅចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០១៨ លោក យន្ត មីន និងលោក ជាម ហ៊ីម ប្រធានក្រមប្រឹក្សាខេត្ត បានចង្អុលបង្ហាញណែនាំឲ្យអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការពិនិត្យដោះស្រាយ បញ្ហាការរំលោភអូរប្រឡាយនាំឲ្យស្ទះទឹក ដែលនាំឲ្យមានការជន់លិច ដល់ភូមិដ្ឋានប្រជាពលរដ្ឋនៅតាម ទីទំនាបមួយចំនួន។
ជាក់ស្តែងក្រុមការងារដឹកនាំដោយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការកាយ ស្តារ អូរ បានជាច្រើនកន្លែងរួចហើយដែរ ក្នុងនោះមានការយកគ្រឿង ចក្រកាយ/ស្តារ នៅសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ជាដើម។ ក្រុមការងារ គ្រោងនឹងធ្វើបន្តទៀត នៅតាមទីតាំងសំខាន់ៗ ជាច្រើនទៀតផងដែរ។
ជាការកត់សំគាល់បន្ទាប់ ពីកាយស្តារហើយនេះ ពុំទាន់មានករណីជន់លិចទៀតឡើយ។ ប្រជាពលរដ្ឋសំដែងការសាទរ ចំពោះវិធានការណ៍រំដោះអូរ/ប្រឡាយ របស់រដ្ឋបាល ខេត្តព្រះសីហនុ។ ពួកគាត់ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ ជួយដោះស្រាយកង្វល់របស់ប្រជាជន៕