(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវការផលិត និងការចាក់ផ្សាយ បទចម្រៀងខារ៉ាអូ ភាពយន្ដ វីដេអូ ដែលយកគ្រឿងស្រវឹងធ្វើជាគុណសម្បត្តិ ក្នុងការដោះស្រាយវិបត្ដិ បំភ្លេចទុក្ខកង្វល់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអាកប្បកិរិយាយុវជន និងសង្គម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោករដ្ឋមន្រ្តី នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមលោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ដ វីដេអូ ដែលតែងតែនិពន្ធបទចម្រៀង ឬភាពយន្ដ វីដេអូ សាច់រឿងតួអង្គមានវិបត្តិផ្លូវចិត្ត សូមបង្ហាញនូវវិធីដោះស្រាយសមស្រប ឬការអប់រំផ្លូវចិត្ត ឬការតាំងសមាធិធ្វើជាមធ្យោបាយដោះស្រាយបញ្ហាប្រសើរ ជាងការបង្ហាញរូបភាពប្រើប្រាស់គ្រឿងស្រវឹង ដើម្បីដោះស្រាយបញ្ហាបំបាត់ទុក្ខសោករបស់តួអង្គ។
ក្នុងករណីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ឬម្ចាស់ផលិតកម្មណាមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឲ្យចាក់ផ្សាយបទចម្រៀង ឬសាច់រឿងបែបនេះ ក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ៕