(ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តជាប់ឆ្នេរទាំង៤ ជាសេនាធិការ រួមជាមួយក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក បានប្រកាសប្ដេជ្ញារួមគ្នា អភិវឌ្ឍន៍ឆ្នេរសមុទ្រ ក្នុងខេត្តទាំង៤របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងមានការចូលរួមពីអភិបាល-អភិបាលរងខេត្តជាប់ឆ្នេរទាំង៤ រួមនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តជាប់សមុទ្រទាំង៤។
អង្គសិក្ខាសាលាបានប្រកាសដាក់ចេញយុទ្ធសាស្ត្រចំនួន ៧ចំណុចសំខាន់ៗ រួមមាន៖
ទី១៖ វិស័យឯកជន វិនិយោគិនទាំងអស់ ដែលទទួលបានកិច្ចសន្យាសម្បទានទេសចរណ៍ពីរាជរដ្ឋាភិបាល និងបណ្តាប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរស្អាត ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសូចនាករទាំងអស់ ដូចមានចែងក្នុងស្តង់ដា «អេកូឡាបិលឆ្នេរ» ពិសេសការរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូរលើការគ្រប់គ្រងសំណង់រឹង និងរាវ ព្រមទាំងគុណភាពទឹកសមុទ្រ ការថែរក្សាភាពស្អាត ការបំពាក់ធុងសំរាម និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីតាំងអាជីវកម្ម ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព។
ទី២៖ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអ្នកគ្រប់គ្រងឆ្នេរ ឬម្ចាស់ឆ្នេរកម្សាន្តក្នុងការរក្សាសន្តិសុខ សុវត្ថិភាពរបស់ភ្ញៀវទេសចរតាមឆ្នេរសមុទ្រ ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់ភ្ញៀវទេសចរ គឺជាភារកិច្ចរបស់យើង»។ ត្រូវយកចិត្តទុកដាក់លើកំណើនភ្ញៀវទេសចរអន្តរជាតិ ពិសេសទេសចរចិននៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ នឹងសហការជាមួយអគ្គស្នងការនគរបាលជាតិ នឹងដាក់ចេញនូវយុទ្ធនាការបដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ។
ទី៣៖ ខេត្តនីមួយៗត្រូវរៀបចំឱ្យបាននូវឆ្នេរគំរូឱ្យបានយ៉ាងហោចណាស់មួយ ក្នុងមួយខេត្តៗ និងស្នើឱ្យក្លឹបឆ្នេរសមុទ្រកម្ពុជា និងក្លឹបប្រឹក្សាយោបល់ទេសចរណ៍ ផ្តល់ការគាំទ្របច្ចេកទេសលើការរៀបចំប្លង់មេ និងផែនការគ្រប់គ្រងទេសចរណ៍នេះ។
ទី៤៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំតំបន់ទេសចរណ៍ពិសេសក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរ ពិសេសទេសចរវ័យចំណាស់ និងទេសចរលំដាប់ខ្ពស់មកកាន់តំបន់ឆ្នេរ។
ទី៥៖ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសភពលោក ជួយបច្ចេកទេស និងជាដៃគូកម្ពុជា ក្នុងការរៀបចំបង្កើតជាវេទិការួម ដោយចងជាបណ្តាញអ្នកជំនាញទេសចរណ៍ វិនិយោគិននៅឆ្នេរសមុទ្រកម្ពុជា ប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឈរលើគោលការណ៍ 4P (Public-Private-People-Partnership) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់រួមគ្នា រួមគិត រួមធ្វើ រួមទទួលខុសត្រូវ សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
ទី៦៖ ត្រូវគិតគូរពីការបង្កើតតំបន់បៃតងនៅក្រុងជាប់តំបន់ឆ្នេរ។ អភិបាលខេត្តតំបន់ឆ្នេរ ត្រូវសហការជាមួយអគ្គលេខាធិការនៃ
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំឱ្យមានសួនទេសចរណ៍ឱ្យបានមួយក្នុងមួយខេត្តៗ ដើម្បីអនុវត្តការងារស្របតាមពាក្យស្លោក «ទេសចរម្នាក់ ដើមឈើមួយដើម»។
ទី៧៖ គាំទ្រឱ្យមានព្រឹត្តិការណ៍កីឡានៅតំបន់ឆ្នេរថែមទៀត មានគម្រោងជិះកង់តំបន់ឆ្នេរ និងគាំទ្រឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា លោកនឹងលើកយកគំនិតរបស់ក្លឹបឆ្នេរសមុទ្រកម្ពុជា គោរពស្នើសុំរាជរដ្ឋាភិបាលកម្ពុជាលើការកសាង «Maison de la Baie» គំរូមួយជាមុននៅខេត្តព្រះសីហនុ។ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងដាក់ចេញបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់ ដើម្បីអភិវឌ្ឍកោះគំរូ ដោយចាប់ផ្តើមចេញពីការអភិវឌ្ឍកោះរ៉ុងជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេសចរណ៍បៃតងគ្មានថង់ប្លាស្ទីក ឱ្យបានមុនឆ្នាំ២០២០។
លោកអគ្គនាយក Bruno Bodard បានឲ្យដឹងថា បច្ចុប្បន្ន ក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកមានសមាជិកចំនួន ២៦ប្រទេស ក្នុងនោះមានឆ្នេរស្អាតជាងគេចំនួន ៤៣កន្លែង ហើយលោកបានកោតសរសើរដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រតែម្ដង៕