(ភ្នំពេញ)៖ ក្រុមហ៊ុននាំចូលផលិតផលអេឡិចត្រូនិក ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ បានទទូចស្នើសុំដល់ស្ថាប័នគយ និងរដ្ឋាករ ជួយរឹតបន្តឹង ក៏ដូចជាការចុះត្រួតពិនិត្យនៅក្រុមហ៊ុនមួយ ដែលបាននាំចូលទំនិញប្រភេទអេឡិចត្រូនិកប្រភេទដូចគ្នា ប៉ុន្តែមានភាពប្លែកខ្លាំងដោយសារក្រុមហ៊ុននោះ បានលក់នៅលើទីផ្សារមានតម្លៃថោកខ្លាំងពេក ពោលមិនសមតម្លៃដែលនាំចូល ប្រភេទទំនិញទាំងនេះ។
ក្រុមហ៊ុនដែលរងការចោទថា បាននាំចូលទំនិញប្រភេទអេឡិចត្រូនិក ហើយយកទៅលក់នៅលើទីផ្សារ ដែលមានតម្លៃថោកនោះ គឺក្រុមហ៊ុន តាន់ ម៉េង (TAN MENG) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤៨ ផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម៉ាកសញ្ញាផលិតផលចំនួន៨មុខ នៃប្រភេទអេឡិចត្រូនិក នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា មានដូចជា៖ ម៉ាកសញ្ញាផលិតផល BERALA, Wintec, ECO, City, MILLTec មានចំនួន២ប្រភេទរួមមាន៖ Mebote, Denyo ជាដើម។
យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយ និងបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះ ពីសំណាក់ក្រុមហ៊ុន «តាន់ ម៉េង» បាននោះទេ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលិខិតរបស់ក្រុមហ៊ុនមួយដែលនាំចូលផលិតផលអេឡិចត្រូនិក មកកាន់ការិយាល័យព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ បានរៀបរាប់ថា៖
*ផលិតផលអេឡិចត្រូនិកម៉ាក ingco ទើបនិងនាំចូលថ្មីក្រោយគេ ហើយមានប្រភពដើមពីរោងចក្រប្រទេសចិន ត្រូវបានក្រុមហ៊ុន តាន់ ម៉េង (TAN MENG) នាំចូលសម្រាប់ចែកចាយនៅទីផ្សារកម្ពុជា ដាក់តម្លៃទាបបំផុត និងពុំធ្លាប់មានពីមុនមក ធ្វើឲ្យអ្នកនាំចូលបង់ពន្ធពិតប្រាកដងឿយឆ្ងល់ថា តើក្រុមហ៊ុននាំចូលផលិតផលនេះ គេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធនាំចូលទាប ហើយបង់មិនគ្រប់ថែមទៀត? ក្រុមហ៊ុនផ្សេងៗ លក់ផលិតផល ingco តម្លៃស្របទីផ្សារតាមស្តង់ដារនាំចូលបង់ពន្ធជូនរដ្ឋ ខណៈក្រុមហ៊ុន តាន់ ម៉េង TAN MENG វិញលក់ចែកចាយទាបជាងពី២៥ភាគរយ ទៅជិត៤៥ភាគរយ។
*តម្លៃលក់ទាបបំផុតនេះ ត្រូវបានគេសិក្សាពីទីផ្សារឲ្យដឹងថា ក្រុមហ៊ុននាំចូលបង់ពន្ធត្រឹមត្រូវ បានលក់ចែកចាយនូវផលិតផល ingco ម៉ាកម៉ូទ័រស្វានប្រើថ្មសាក Linlong 12V តម្លៃមិនទាន់ចុះភាគរយ ក្នុងតម្លៃ៦៩ដុល្លារ ដោយឡែកក្រុមហ៊ុន តាន់ ម៉េង (TAN MENG) លក់តម្លៃ៥២ដុល្លារ។ តម្លៃចុះភាគរយនៅត្រឹមតម្លៃ៤៦,៩២ដុល្លារ តែសម្រាប់ក្រុមហ៊ុន តាន់ ម៉េង វិញលក់ចុះភាគរយចុងក្រោយ ត្រឹម៣៦,៩២ដុល្លារ និងចុងក្រោយបង្អស់ អ្នកនាំចូលបង់ពន្ធពិតប្រាកដលក់តម្លៃ៣០ដុល្លារ បែរជាក្រុមហ៊ុន តាន់ ម៉េង លក់តែ១៧ដុល្លារ។
*ករណីខ្លះទៀត អ្នកនាំចូលបង់ពន្ធពិតប្រាកដ ផលិតម៉ាកម៉ូទ័រកាត់កែងឈើ ឬកាត់អាលុយ មីញ៉ូម កម្លាំង១៤០០W ត្រឹមតែតម្លៃ១២៣ដុល្លារ តែក្រុមហ៊ុន តាន់ ម៉េង លក់តែ៧៩ដុល្លារ។ ចុងក្រោយគេបញ្ចុះតម្លៃលក់៨៣,៤ដុល្លារ ហើយក្រុមហ៊ុន តាន់ ម៉េង មកលក់ត្រឹមតែតម្លៃ៥៦ដុល្លារប៉ុណ្ណោះ។
*យ៉ាងហោចណាស់ក៏មានម៉ាកផលិតផលរបស់ ingco ចំនួន២០មុខ ត្រូវបានក្រុមហ៊ុន តាន់ ម៉េង លក់ក្នុងតម្លៃទាបបំផុត តាមរយៈការរកស៊ីប្រកួតប្រជែងទីផ្សារពាណិជ្ជកម្ម ដោយគ្មានភាពស្មោះត្រង់ គឺក្រុមហ៊ុននេះ នាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធនាំចូលទាប ហើយបង់ពន្ធមិនគ្រប់ទៀតផង។ ការលក់តម្លៃទាបបែបនេះ ពិតជាតម្រូវសេចក្តីត្រូវការ របស់អតិថិជន ប៉ុន្តែអ្នកនាំចូលបង់ពន្ធពិតប្រាកដ មិនអាចលក់ក្នុងតម្លៃនេះបាន ហើយក៏ប្រឈមបាត់បង់អតិថិជន ខណៈគេត្រូវផលិតផលតម្លៃទាបពីក្រុមហ៊ុននេះនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញពីបង់ពន្ធនាំចូលខ្ពស់ មកបង់ពន្ធនាំចូលទាប ហើយបង់ពន្ធមិនគ្រប់ដូចជា ក្រុមហ៊ុន តាន់ ម៉េងជាដើម។
*ពាណិជ្ជករមួយចំនួនធំ កំពុងរំជើបរំជួល និងឆ្ងល់ពីក្រុមហ៊ុនមួយនេះ និងធ្វើការវាយតម្លៃថា ការលក់តម្លៃទាប គ្មានប្រក្រតីបែបនេះ ពិតជាទំនិញនាំចូលគេចពន្ធតែម្តង។ បញ្ហានេះ ពួកគាត់ក៏សង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធជាពិសេសខាងសមត្ថកិច្ចគយតែម្តង នឹងចាត់វិធានការចុះត្រួតពិនិត្យទៅលើទីតាំងស្តុកទំនិញទាំងនេះជាក់ជាមិនខាន៕