(បន្ទាយមានជ័យ)៖ លោក យិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានថ្លែងថា ការីកចម្រើនរបស់វិស័យពុទ្ធិចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាជាកាចាំបាច់ ជាក់ស្តែងព្រះពុទ្ឋសាសនាបានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌ក្នុងសង្គម និងកសាងសមិទ្ធិផលផ្សេងៗ ដល់សង្គមជាតិទៀតផង។
លោកបានថ្លែងបែបនេះ នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងឳកាសដែលលោក និងព្រះគ្រូធម្មរតនា យើយ ស្រល់ ព្រះចៅអធិការ វត្តធម្មសាមគ្គីពង្រ ជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ពុទ្ធិកបឋមសិក្សា ធម្មវិន័យ នៅវត្តធម្មសាមគ្គីពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យពុទ្ឋសិក្សាគ្រប់កម្រិត ជាពិសេសកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក យិន យឿន បានណែនាំថា ដើម្បរក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ជាសមណសិស្ស ជាសិស្សមានឆន្ទៈចង់ចេះដឹងវិជ្ជាផ្លូវលោក និងវិជ្ជាផ្លូវធម៌ ហើយដើម្បីជំរុញការសិក្សារបស់ខ្លួនឲ្យបានសម្រេចលើមុខវិជ្ជាទាំងឡាយ សមណសិស្សទាំងអស់ត្រូវគោរពវិន័យ និងអនុវត្តន៍គោលការណ៍ បទបញ្ជាផ្ទៃក្នុង ឲ្យបានល្អមានប្រសិទ្ធភាពខ្ពស់ចាប់ពេលនេះតទៅ។
ប្រធានមន្ទីធម្មការខេត្ត បានឲ្យដឹងទៀតថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មានសមណសិស្សប្រមាណជាង៩០អង្គ នៅវត្តធម្មសាមគ្គីពង្រ ដែលមានវិញ្ញាសារប្រឡង ១០មុខវិជ្ជារួមមាន៖ ភាសារបាលី, ព្រះវិន័យសីលធម៌, ពុទ្ធប្រវត្ត, ភាសាខ្មែរ, ភាសាអង់គ្លេស, វិទ្យាសាស្រ្ត, គណិតវិទ្យា, សិក្សាសង្គម, ប្រវត្តវិទ្យា និងភូមិវិទ្យា។ ជាពិសេស កម្មវិធីពុទ្ធិកបឋមសិក្សាមានរយៈពេល៣ឆ្នាំ ហើយក្នុងមួយឆ្នាំសិក្សាមានរយៈពេល៣៨សីល ដែលមួយសីលមាន២៧ម៉ោង និង៣០នាទីសិក្សា៕