(ព្រះសីហនុ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញអនុសាសន៍ និងស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំង៤ មានខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប ត្រូវបង្កើតឲ្យមានសួនទេសចរណ៍ដ៏ស្រស់បំព្រងគួរជាទីទាក់ទាញឲ្យបានគ្រប់ៗខេត្ត ពោលខេត្តមួយត្រូវមានសួនទេសចរណ៍មួយ។
អនុសាសន៍ថ្មីនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងមានការចូលរួមពីអភិបាល-អភិបាលរងខេត្តតំបន់ឆ្នេរទាំង៤ រួមនឹងមន្ទីរពាក់ព័ន្ធក្នុងខេត្តជាប់សមុទ្រទាំង៤ផងដែរ។
ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងថែរក្សាឆ្នេរសមុទ្រកម្ពុជា ក្នុងនាមជាប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំង៤ សហការជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំឱ្យមានសួនទេសចរណ៍ឱ្យបានមួយក្នុងមួយខេត្តៗ ពីព្រោះថាកម្ពុជាក៏មានស្តង់ដារ «សួនទេសចរណ៍» រួចហើយដែរ។
ការបង្កើតឲ្យបានសួនទេសចរណ៍តាមខេត្តជាប់ឆ្នេរសមុទ្រនេះ ក៏ដើម្បីជំរុញការទាក់ទាញកំណើនទេសចរផងដែរ ដោយផ្អែកតាមស្មារតី «ទេសចរម្នាក់ ដើមឈើមួយដើម»៕