(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ប្រយោជន៍ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសសម្រាប់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ នាពេលឆាប់ៗខាងមុខនេះ។
ការអំពាវនាវព្រមៗគ្នារបស់ថ្នាក់ដឹកនាំទាំង២រូបខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ លោក វង សូត បានលើកឡើងថា មកដល់ពេលនេះ មានគណបក្សនយោបាយមួយចំនួន បានចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនេះបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ មិនដូចអ្វីដែលក្រុមមនុស្សមួយចំនួន ដើរនិយាយបង្ខូចថា កម្ពុជាមិនមានលទ្ធិប្រជាធិតេយ្យ មិនគោរពសិទ្ធិមនុស្សនោះទេ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យទៅបាន យ៉ាងពេញលេញនេះគឺដោយសារការចូលរួម របស់បងប្អូន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដូចនេះក្នុងបោះឆ្នោតនាពេលខាងមុខនេះ សូមទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋមួយចំនួន បានសំណូមពរជាច្រើន ក្នុងនោះបញ្ហាផ្លូវ ភ្លើង ស្តារប្រឡាយ ដាក់លូ រំដោះទឹក គឺជារឿង ដែលពួកគាត់ ស្នើឲ្យជួយដោះស្រាយ ដើម្បីសម្រួលដល់ ការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ជាការឆ្លើយតបចំពោះសំណើរនេះ លោក វង សូត បានផ្តល់ប្រាក់១០លានរៀល សម្រាប់ដោះបញ្ហាចំពោះមុខ ខណៈបញ្ហាមួយចំនួន នឹងសិក្សាដោះស្រាយបន្តតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ពីព្រោះថាបញ្ហាទាំងអស់ មិនអាចដោះស្រាយតាម សំណូមពរតែមួយ ពេលបាននោះទេពោលគឺត្រូវធ្វើជាជំហានៗ។
ចំណែកឯ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ខេត្តមានមន្ទីរជំនាញ ដូចនេះគ្រប់បញ្ហាដែលប្រជាពលរដ្ឋបានសំណូមពរខេត្ត និងឲ្យជំនាញចុះសិក្សាដោះស្រាយជូន ដោយយើងត្រូវធ្វើម្តងមួយ មិនអាចម្តងទាំងអស់នោះទេ។ តែយ៉ាងណាប្រសើរជាងមិនធ្វើដូច ក្រុមជនអគតិមួយចំនួន បានត្រឹមតែសន្យាខ្យល់បោកប្រាសប្រជាពលរដ្ឋ ញុះញង់ បង្កចលាចលប៉ុនប៉ងទាញប្រទេសជាតិ ទៅរកភាព អន្តរាយតាមមនោគមន៍វិជ្ជា របស់បរទេសមួយចំនួន៕