(ក្រចេះ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញពីលទ្ធផលពិសោធន៍ ដោយរកឃើញសារធាតុគីមីក្នុងស្រាស និងទឹកព្រែកទេ នៅខេត្តក្រចេះ ដែលជាហេតុផលនាំឲ្យមានអ្នកស្លាប់ និងរងគ្រោះរាប់សិបនាក់។ នេះបើយោងតាមលោក ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។
ការលទ្ធផលនេះដោយយោងតាមវិទ្យាស្ថានស្តង់ដាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានធ្វើពិសោធន៍ករណីនេះ។
ក្រសួងឧស្សាហកម្ម សូមជ្រាបជូនសារធាណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រែកទេរ ក្នុងភូមិសាស្រ្តខេត្តក្រចេះ ទាំងអស់ឲ្យបានជ្រាបថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានកើតមានផ្ទុះជំងឺដែលមានអការៈឈឺពោះ ក្អួតចង្អោ ឈឺក អស់កម្លាំង ទន់ដៃជើង វិលមុខ ថប់ដង្ហើយ សន្លប់ រួចបណ្តាលឲ្យមនុស្សមួយចំនួនបានស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបញ្ជូនទៅកាន់រាជធានីភ្នំពេញ។
ករណីខាងលើនេះលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់មន្រ្តីជំនាញថ្នាក់ក្រសួង និងថ្នាក់ខេត្ត ដោយប្រើប្រាស់មន្ទីរពិសោធន៍ចល័ត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះពិនិត្យនិងស្រាវជ្រាវផ្ទាល់នៅកន្លងកើតហេតុ ដើម្បីរកមូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ ដោយបានប្រមូលយកសំណាកគំរូ ស្រាស និងទឹកក្នុងព្រែកទេរ នៅកន្លែងកើតហេតុ មកពិនិត្យនៅនឹងកន្លែង និងនៅមន្ទីពិសោធន៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ជាលទ្ធផលនៃការធ្វើតេស្តវិភាគបឋមនៅនឹងកន្លែង និងនៅក្នុងមន្ទីរពិសោធន៍ «វិទ្យាស្ថានស្តង់ដារកម្ពុជា» របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានដូចខាងក្រោម៖
* គំរូសំណាកស្រាស៖ មានសារធាតុមេតាណុល១១,២២% (ដែលកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ០,១៥%ប៉ុណ្ណោះ)។
* គំរូសំណាក ទឹកព្រែកទេ៖ មានសារធាតុក្រូម (Chromium) រហូតដល់១៧៣ មីក្រូក្រាមក្នុងទឹកមួយលីត្រ (ដែលកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ៥០មីក្រូក្រាមក្នុងទឹកមួយលីត្រ) និងមានសារធាតុនីទ្រីតរហូតដល់ ៧-២៣ មីលីក្រាមក្នុងទឹកមួយលីត្រ (ដែលកម្រិតស្តង់ដា អនុញ្ញាតឲ្យមានខ្ពស់បំផុតត្រឹមតែ ៣ មីលីក្រាមក្នុងទឹកមួយលីត្រ)។
យោងតាមឯកសារ Elements de Toxicologie Analytique សម្រាប់មនុស្សពេញវ័យ ប្រសិនបើពិសាមេតាណុលសុទ្ធ ក្នុងបរិមាណពី ២០ ទៅ៥០មីលីលីត្រ អាចបណ្តាលឲ្យជនរងគ្រោះស្លាប់បាន។ ដូចនេះបើគាត់ពិសាស្រាពុលខាងលើ ក្នុងបរិមាណចាប់ពី១៨០មីលីលីត្រ ឡើងទៅអាចបណ្តាលឲ្យគាត់ស្លាប់បាន។ ចំពោះផលប៉ះពាល់សុខភាព ដោយសារធាតុក្រូម (Chromium)៖ កន្ទួលស្បែក ក្រពះ និងដំបៅរលាក បញ្ហាផ្លូវដង្ហើម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ការខូចតម្រងនោមនិងថ្លើម ការផ្លាស់ប្តូរសម្ភារហ្សែន មហារីកសួត និងអាចបណ្តាលឲ្យស្លាប់។ ចំណែកផលប៉ះពាល់សុខភាពដោយសារធាតុ នីទ្រីត (NO2)៖ ជំងឺមហារីកក្រពះ ជំងឺរាគរូស ក្អួត និងអាចបណ្តាលឲ្យស្លាប់។
ដូចនេះដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់បន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងព្រែក និងដៃព្រែកទេរ បញ្ឈប់ការពិសាស្រាស និងអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្តក្រចេះ ដោយបញ្ឈប់ប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ ជាបណ្តោះអាសន្នសិន ហើយរង់ចាំក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យ ស្រាវជ្រាវ និងដកហូតស្រាដែលមានជាតិពុល និងពិនិត្យឃើញថា ទឹកក្នុងព្រែកទេរ ត្រូវបានសាបអស់ជាតិពុលសិន បន្ទាប់មកក្រសួង និងអាជ្ញាធរមូលដ្ឋាននឹងជូនដំណឹងតាមក្រោយ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបន្តជួបគ្រោះអាសន្ន ឬទទួលបានដំណឹងអំពីករណីទាំងនេះ សូមមេត្តាផ្តល់ដំណឹងជាបន្ទាន់ជូនភ្នាក់ងារមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែលកំពុងឈរជើងនៅតំបន់នោះ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបង្កើនការប្រុងប្រយ័ត្នបន្ថែម ព្រមទាំងចូលសហការជាមួយអាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចជំនាញ ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អាសន្ននេះ ឲ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវត្ថា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនរងគ្រោះដែលស្លាប់ដោយសង្ស័យពុលទឹកនៅខេត្តក្រចេះ បានកើនដល់១៣នាក់ហើយ ខណៈជនរងគ្រោះជាង២០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕