(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងដោយសើ្នឲ្យសមត្ថកិច្ចបង្កើនការបង្ក្រាបបទល្មើសនានា និងពង្រីកការអនុវត្តប្រចាំបញ្ជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រកបដោយដំណើរការរលូន។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីផ្តល់ប័ណ្ណសរសើរ និងថវិកាដល់រដ្ឋបាលឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខេត្តកំពង់ធំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោកបន្ថែមទៀតថា សូមលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព ខិតខំចុះមូលឲ្យបានកើនឡើងទ្វេដង ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពរ និងទទួលយកបញ្ហាដែលពួកគាត់កំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ក្នុងនោះដែរលោក សុខ លូ ក៏បានអំពាវនាវដល់អាជ្ញាធរភូមិ-ឃុំ សហការល្អជាមួយសមត្ថកិច្ច ក្នុងមូលដ្ឋានទាំងអស់ត្រូវរួមគ្នាបង្ការ និងទប់ស្គាត់បទល្មើស ពិសេសបញ្ហាចែកចាយ-ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ។
សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ មាន៨១ឃុំ-សង្កាត់ ក្នុងនោះជ័យលាភីលេខ១ មាន៥៨ឃុំ-សង្កាត់ ជ័យលាភីលេខ២ មាន១៥ឃុំ-សង្កាត់ និងជ័យលាភីលេខ៣ មាន៨ឃុំ-សង្កាត់៕