(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខនិងផ្តល់ថវិកា គ្រឿងបរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់ជនរងគ្រោះដោយសង្ស័យករណីពុលទឹកនៅខេត្តក្រចេះចំនួន ៨នាក់ ដែលត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបានរងផលប៉ះពាល់ដោយសារករណីពុលនេះ។ ជាមួយគ្នានេះ លោកវេជ្ជ. បានផ្តាំផ្ញើដល់អ្នកជំងឺទាំងអស់ សូមខិតខំបន្តការព្យាបាល និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយប្រជាពលរដ្ឋរងគ្រោះមានរោគសញ្ញា៖ ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។
រហូតមកដល់ព្រឹកថ្ងៃទី៧ នេះ បានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន១៤នាក់ និងរងគ្រោះប្រមាណជាង ២០០នាក់ផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕