(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទាន របស់រដ្ឋាភិបាលចិនជាង២០០លានដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផ្លូវជាតិលេខ៣នេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងទេសចរណ៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ស្ថានភាពផ្លូវជាតិលេខ៣ នាពេលបច្ចុប្បន្នមិនអាចទ្រទ្រង់ នូវការរីកចម្រើនរបស់ប្រទេសជាតិបានទេ ទើបតម្រូវឲ្យមានការពង្រីក និងលើកកម្រិតគុណភាព ឲ្យប្រសើរជាងពេលបច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ការពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣នេះ មិនត្រឹមតែឆ្លើយតបនឹងវិស័យទេសចរណ៍នោះទេ តែក៏ជាការឆ្លើយតបចំពោះការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ រួមទាំងការដឹកជញ្ជូនអំបិលចេញ ពីខេត្តកំពតផងដែរ»។
សម្ដេចបានថ្លែងទៀតថា ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយតារារះនាទិសនិរតី រួមមានខេត្តកំពត កែប និងព្រះសីហនុ ដែលសុទ្ធសឹងជាខេត្តមានសក្តានុពលទេសចេរណ៍តំបន់ឆ្នេរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ត្រឹមរយៈពេលប៉ុន្មានខែចុងក្រោយនេះ សមិទ្ធផលក្រោមជំនួយ និងកម្ចីរបស់ចិនជាច្រើនត្រូវបានសម្ពោធ និងបើកការដ្ឋានជាបន្តបន្ទាប់ ហើយនៅមានការដ្ឋានជាច្រើនទៀតត្រូវធ្វើបន្ត។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា សម្តេចទៅប្រទេសចិន មិនបានសុំជំនួយមកបង្ហើយផ្ទះបាយរបស់សម្តេចនោះឡើយ តែជាការសុំជំនួយ និងកម្ចីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេចបញ្ជាក់ថា «កំណាត់ផ្លូវជាតិនេះ ត្បិតតែចំណាយសាងសង់រហូតដល់៤ឆ្នាំ តែផ្លូវនេះមានគុណភាពខ្ពស់។ តែទោះបីផ្លូវនេះមានកម្រិតគុណភាពរឹងមាំយ៉ាងណាក្តី តែមិនអនុញ្ញាតឲ្យមានការដឹកលើសទម្ងន់នោះឡើយ»។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង១២គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង៥១គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្ដ្រីបានឲ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងអាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៣នេះ គ្រោងប្រើរយៈពេលសាងសង់ចំនួន៤៨ខែ៕