(បាត់ដំបង)៖ ដោយមិនខ្វល់ ឬអាចចាត់ទុកថាផ្គើននឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់គេចខ្លួននៅក្រៅប្រទេសនោះ អតីតយុទ្ធជននៅស្រុកសង្កែ ខេត្តបាត់ដំបង បានប្រកាសថា ពួកគេនឹងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ហើយនឹងបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជាជារៀងរហូត។
ការប្រកាសរបស់អតីតយុទ្ធជន បានធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ៧៩២នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងនោះក៏មានការចូលរួមពីលោក ឡោក ហួរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងផងដែរ។
យោធិនពិកាឈ្មោះ សាន មាន ដែលបានឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាម បានថ្លែងយ៉ាងដូច្នេះថា «តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ទឹកចិត្តនៃការគាំទ្ររបស់ពួកគាត់ ចំពោះសម្តេចតេជោ មិនមានការប្តូរផ្លាស់នោះឡើយ។ ទោះបីខ្ញុំតស៊ូលើសមរភូមិរហូតធ្លាក់ខ្លួនពិការ តែខ្ញុំមិនតូចចិត្ត ហើយនៅតែគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ព្រោះខ្ញុំ មើលឃើញថា គាត់ជាមេដឹកនាំតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បានប្រឹងប្រែងរំដោះជាតិ រកសុខសន្តិភាព បញ្ចប់ភ្លើងសង្គ្រាម អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរ»។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។ លោក គន់ គីម បានបញ្ជាក់ថា សម្តេច ជាប់រវល់មមាញឹកក្នុងការងារហេតុនេះសម្តេចបានឲ្យរូបលោកមកជួបជំនួស និងបានកោតសសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់នៅក្នុងស្រុក ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់សមាជិក។
អគ្គលេខាធិការរូបនេះ បានជំរុញថ្នាក់ដឹកនាំសមាគមបន្តការខិតខំបន្ថែមទៀត ជាពិសេសពេលសមាជិកមានធុរៈ ឬ ជំងឺត្រូវចាត់ចែងជួយឲ្យបានទាន់ពេលវេលា ពេលមានកម្មវិធីជួបប្រជុំ ឬ បុណ្យជាតិ ត្រូវអញ្ជើញចូលផង។ ទន្ទឹមនោះនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណបំណាច់ដែលបានបូជាចំពោះជាតិមាតុភូមិ ទើបថ្ងៃនេះទទួលការបំពាក់មេដាយការពារជាតិ ទៅតាមអតីតភាពម្នាក់ៗ ដូច្នេះបងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ប្តេជ្ញាការពារឲ្យបានសន្តិភាពដើម្បីអនាគតកូនចៅ។
សូមបញ្ជាក់ថា ក្រោយធ្វើបច្ចុប្បន្នភាពសមាគមអតីតយុទ្ធជនកម្ពុជាក្នុងស្រុកសង្កែ រកឃើញអ្នកមានជីវភាពទីទ័លក្រ ២៦គ្រួសារកន្លងមក ត្រូវបានសម្តេចតេជោ ផ្តល់ជូនផ្ទះ ០៩ខ្នងហើយ។ ដោយឡែកនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យសាងសង់ផ្ទះ ជូនតាមសំណើនាយឧត្តមសេនីយ៍ គន់ គីម ចំនួន ៥ខ្នង នៅឃុំតាប៉ុនជូនគ្រួសារ៖
១៖ លោក ចិន ចែត្រ និវត្តន៍ជន នៅភូមិបាសែត
២៖ លោក សាន មាន យោធិនពិការ នៅភូមិបឹងទឹម
៣៖ លោកស្រី សឿន យ៉េត យោធិនពិការ នៅភូមិបឹងទឹម
៤៖ លោកស្រី ផាន់ ផុន គ្រួសារពលី នៅភូមិបឹងទឹម
៥៖ លោក ឌុក ផុង ពិការ នៅភូមិតាប៉ុន។
លោកយាយ ថៃ ធន គ្រួសារមរណសពលោកតា សេក ម៉ាត់ នៅភូមិបាសែត ឃុំតាប៉ុន បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ដែលយកចិត្តទុកដាក់ដល់គាត់ក្នុងពេលដែលប្តីគាត់មរណភាព បានមកជួយចាត់ចែង និងចូលរួមបុណ្យ ព្រមទាំងនាំថវិកាមរណសង្គ្រោះមកជូនទាន់ពេលវេលា៕