(មណ្ឌលគិរី)៖ ស្រ្តីម្នាក់ត្រូវបានសង្សាខ្លួនរឹត-ក សម្លាប់ ហើយត្រូវជនដៃដល់ដឹកតាមម៉ូតូយកមកបោះចោលកន្លែងគំនរសំរាម តែជីវិតថ្លៃត្រូវទឹកសន្សើមទៀបភ្លឺដឹងខ្លួន ក៏ត្រូវកម្លាំងនគរបាល ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលក្រុងប៉ុស្តិ៍ យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ឥឡូវនាងមានសុខភាពជាធម្មតាឡើងវិញហើយ។
លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះបានកើតឡើងនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។
លោកអធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញ៉រ៉ា ស្រីនាង អាយុ២៣ឆ្នាំ ជនជាតិព្នង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខ្លួននឹងជនសង្ស័យឈ្មោះ ឆុំ ដាវីត អាយុ២៦ឆ្នាំ ទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុព្រៃឈរ ខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹម នៅកោះញែក ស្នាក់នៅផ្ទះបងភូមិចំការតែ ជាសង្សានឹងគ្នារយៈពេលជិត១ឆ្នាំហើយ។
លោកអធិការបានរៀបរាប់ថា នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានតេហៅស្រ្តីរងគ្រោះ ឲ្យមកជួបនៅក្បែរផ្ទះជនរងគ្រោះ ហើយជនសង្ស័យបានយកម៉ូតូ ដឹកជនរងគ្រោះទៅជើងភ្នំដោះក្រមុំ។ ពេលទៅដល់ភ្នំលោកយាយ លើភ្នំដោះក្រមុំជនសង្ស័យ ក៏ទាមទារសុំបែកពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមហើយខ្វែងគំនិតគ្នា ជនរងគ្រោះយំរហូតអស់កម្លាំង និងមានអាការៈឈឺពោះ ក៏ដេកទៅនឹងដី លុះដល់ម៉ោង០១៖៣០នាទី ជនសង្ស័យបបួលមកផ្ទះវិញ ដោយប្រាប់ថាចាំខ្លួនបត់ជើងសិន។
បន្តិចក្រោយមកជនសង្ស័យ ក៏បានយកខ្សែកាតាបពណ៌ខ្មៅប្រវែង៥៤សង់ទីម៉ែត្រ រឹត-ក ជនរងគ្រោះ ដោយជនរងគ្រោះផ្កាប់មុខទៅនឹងដី ក្រោយពីនាងសន្លប់បាត់ ជនសង្ស័យយល់ថា នាងបានស្លាប់ក៏បានដឹកជនរងគ្រោះតាមម៉ូតូយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ហាក់បីដូចជាគ្មានរឿងអីកើតឡើង ហើយនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងក្រុងសែនមនោរម្យតែម្តង។
ក្រោយការឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកខ្សែកាតាបរឹតក ជនរងគ្រោះ ពេលនាងសន្លប់វាបានយកទៅចោល នៅគំនរសំរាមប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕