(កំពង់ស្ពឺ)៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរៀបចំបិទវគ្គហ្វឹកហ្វឺន ពលទាហានបំពេញក្របខ័ណ្ឌ ឲ្យកងពលតូចថ្មើរជើងលេខ១២៨ យោធភូមិភាគទី១ ឆ្នាំ២០១៨ បន្ទាប់ពីសិក្ខាកាម ជាពលទាហាន មកពីសិក្ខាកាមមកគ្រប់ខេត្តដែលបានជ្រើសរើស មកពីជនស៊ីវីលឲ្យចូលបម្រើក្នុងជួរកងទ័ព បានហ្វឹកហ្វឺនបំប៉នលើជំនាញនេះអស់រយៈពេល១៤០ថ្ងៃ។
ពិធីបិទវគ្គនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់គ្រប់អង្គភាព ចំណុះឲ្យយោធភូមិភាគទី៣ និងកងទ័ពជើងគោកជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ ឈុន ឆេង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានថ្លែងថា អនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការ កងទ័ពជើងគោក ដើម្បីហ្វឹកហ្វឺននូវក្បួនច្បាប់យោធា ឲ្យដល់ពលទាហានថ្មីបំពេញក្របខ័ណ្ឌឲ្យយោធភូមិភាគទី១ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានដំណើការបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី ឆ្នាំ២០១៨ មួយវគ្គ។
លោកបន្ថែមថា វគ្គសិក្សានេះ មានពលទាហានថ្មី ជ្រើសរើសមកពីគ្រប់ខេត្ត ចូលហ្វឹកហ្វឺនចំនួន៥០០នាក់ ក្នុងនោះមកពី ខេត្តមណ្ឌលគីរី ចំនួន១៦២នាក់, ខេត្តព្រៃវែង ចំនួន៨៣នាក់ និងខេត្តព្រះវិហារ ចំនួន២៥៥នាក់ ដោយប្រើរយៈពេលហ្វឹកហ្វឺន១៤០ថ្ងៃ លើខ្លឹមសារមេរៀនលំហាត់របៀប, កាយសម្ព័ន្ធ, កីឡា, អប់រំចិត្តសាស្ត្រ, សព្វាវុធ និងការបាញ់, ឋានលេខា, យុទ្ធវិធីថ្មើរជើង និងយុទ្ធវិធីទ័ពព្រៃ។
ក្រោយពេលបញ្ចប់វគ្គសិក្ខាកាមទាំង៥០០នាក់ ទទួលបាននិទ្ទេសល្អ ចំនួន៨៦នាក់, និទ្ទេសល្អបង្គួរ ចំនួន៨២នាក់ និងនិទ្ទេសមធ្យម ចំនួន២៩៨នាក់ ក្នុងនោះនាយឧត្តមសេនីយ៍ មាស សុភា បានផ្តល់ថវិកាដល់វគ្គចំនួន៥លានរៀលផងដែរ៕