(ភ្នំពេញ)៖ ស្ត្រីម្នាក់បានចូលទៅលួចកាបូបលុយ ដល់ក្នុងផ្ទះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ តែត្រូវម្ចាស់ឃើញទាន់ នាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងគេហដ្ឋានមួយដែលគេស្គាល់ថា មានម្ចាស់ជាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សែម ចន្ទី អាយុ៣១ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាដក។
បើតាមសមត្ថកិច្ច មុនពេលកើត គេបានឃើញស្រីខាងលើ បានដើរបន្លំចូលលួចកាបូបលុយដល់ក្នុងផ្ទះ ត្រូវម្ចាស់គេទាន់ ហើយបាននាំគ្នាស្រែកថា ជួយចាប់ចោរលួចកាបូបលុយ ខណៈពេលដែលប្រជាពលរដ្ឋនៅក្បែរនោះបានលឺ ក៏បាននាំគ្នារត់ទៅជួយចាប់ជនសង្ស័យ។ ពេលដែលប្រជាពលរដ្ឋចាប់ជនសង្ស័យ ក៏បាននាំគ្នាព្រួតវាយលើជនសង្ស័យម្នាក់មួយដៃមួយជើងផងដែរ ហើយក្រោយមក ម្ចាស់កាបូបបានយកកាបូបមកវិញបាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ នាំមកឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕