(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ដបញ្ជាក់ថា វត្តមានប្រជាពលរដ្ឋចិន មានច្រើននៅប្រទេសកម្ពុជា ព្រោះតែគម្រោងវិនិយោគរបស់ចិន និងការសាងសង់របស់ចិននៅកម្ពុជាមានច្រើន។
សម្ដេចក៏បានគូសបញ្ជាក់ថា ប្រទេសដទៃបើចង់មានពលរដ្ឋនៅកម្ពុជាច្រើន ត្រូវបង្កើនការវិនិយោគ និងធ្វើការដ្ឋានឲ្យច្រើននៅកម្ពុជា ហើយប្រទេសខ្លះរិះគន់សម្តេច ស្និទ្ធជាមួយចិន តែការស្និទ្ធនេះដោយសារសម្តេចធ្វើការជាមួយចិនស្រួល។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជាអធិបតីបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) កំណាត់ផ្លូវជាតិលេខ៣ ប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានអ្នកខ្លះគេនិយាយថា មិចក៏ចិនច្រើនមែសឥលូវនោះ ចឹងការដ្ឋានរាប់សិប បើបូកទាំងការវិនិយោគទៀត ការដ្ឋានរាប់រយ ចុះមិនឲ្យចិនច្រើនយ៉ាងមិច, ប្រទេសដ៏ទៃទៀតបើចង់មកច្រើន ទាល់តែមកបើកការដ្ឋានច្រើនដូចគ្នា ពេលឃើញចិនមកច្រើន មកច្រណែនចិនឯណោះវិញ។ អ្នកខ្លះថា ខ្ញុំដឹកនាំប្រទេសទៅរកចិន ចុះបើចិនធ្វើការស្រួលជាមួយខ្ញុំ»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ជាតិជាធំ បានសង្កត់ធ្ងន់ថា ប្រទេសខ្លះគ្រាន់តែចង់រាប់អានធ្វើជាមិត្តសោះពិបាកណាស់។ ដោយឡែកសម្រាប់ចិនវិញ ប្រទេសធំ ប្រជាជនច្រើនជាងគេលើពិភពលោក មិនបានគិតថាប្រទេសកម្ពុជាតូចនោះទេ ប៉ុន្ដែចិនលើកកម្រិតកម្ពុជា ក្នុងភាពជាដៃគូរស្មើមុខស្មើមាត់គ្នា។
សូមបញ្ជាក់ថា ភ្ញៀវទេសចរចិន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកដល់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ។ របាយការណ៍ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិ សរុប ៥,៦០២,១៥៧នាក់ ដែលកើនឡើង ១១.៨% ក្នុងនោះទេសចរចិន មានចំនួនច្រើនជាងគេ ពោលឈរលើលំដាប់ថ្នាក់លេខ១ ដែលមានរហូតដល់ ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
ចំពោះកំណើតជនជាតិចិននេះ រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ធ្លាប់បានប្រកាសថា ចិនមិនគាំទ្រចំពោះជនជាតិខ្លួន ដែលចង់បង្កើត China Town នៅប្រទេសកម្ពុជានោះទេ ហើយរដ្ឋាភិបាលចិន នឹងប្រឆាំងចំពោះជនជាតិចិនណាមួយ ដែលចង់សាងសង់កាស៊ីណូ (Casino) នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញជនជាតិចិន មកលេងល្បែងស៊ីសង៕