(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានិរន្តរភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា មន្រ្តីនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមបរិច្ចាគ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៤១,១៣៥ដុល្លារ និង២៣,៤៣០,០០០រៀល សរុបមានចំនួន៤៦,៩៩២.៥០ដុល្លារ។
ថវិកាទាំងនេះ ទទួលបានពីមន្រ្តីនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ សរុបចំនួន១០៤នាក់ ហើយក្នុងនោះក៏មាន សមាជិកស្ថាបនិក នៃមូលនិធិចំនួន២រូប ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុផងដែរ។
ការចូលរួមយ៉ាងផុសផុលនេះ ក៏ស្របទៅនឹងប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាជាប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការថា «បើម្នាក់ចូលរួម៥,០០០រៀលក្នុងមួយខែ, ហើយយើងរួបរួមគ្នាបានដល់ ចំនួន២លាននាក់, នោះយើងនឹងអាចជួយរក្សានិរន្តរភាព មន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ»។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ មូលនិធីនេះ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។
ការបង្កើត មូលនិធិគន្ធបុប្ផានេះ ធ្វើឡើងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីប្រធានមន្ទីរពេទ្យនេះគឺ លោក ប៊ិត រចនឺ កាន់តែអស់លទ្ធភាពបន្តិចម្តងៗ ក្នុងការស្វែងរកជំនួយឧបត្ថម្ភពីក្រៅប្រទេស។
សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចូលរួមវិភាគទានដល់ «មូលនិធិគន្ធបុប្ផាកម្ពុជា» សូមទាក់ទងលេខាធិការដ្ឋាន នៃមូលនិធិ រៀងរាល់ម៉ោងធ្វើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តាមអាស័យដ្ឋាន៖ ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៧ ៣៥១ ១៩៩ / ០១៦ ៩១១ ៩៦០ / ០៩០ ៨៨៨ ០៧២៕