(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សវនាការ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នេះ លោកឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល សម្រេចតម្កល់សាលដីកា សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនជនត្រូវចោទរយៈពេល ៦ខែបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ លោកអគ្គព្រះរាជអាជ្ញារង អ៊ុក គឹមសិទ្ធិ និង ជាអ្នកនាំពាក្យតុលាការកំពូល ដែលថ្លែងប្រាប់ Fresh News ក្រោយបញ្ចប់សវនាការ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមសារអេឡិចត្រូនិច Telegram ថា ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រមស៊ើបសួរយល់ថា ដោយសារមានភាពចាំបាច់៕