(សៀមរាប)៖ ដោយមើលឃើញពីសក្តានុពលនៃយុវជនក្នុងវិស័យបេតិកភណ្ឌ ដែលត្រូវជាអ្នកបន្តវេនពីមនុស្សចាស់ អាជ្ញាធរជាតិអប្សរា បានបង្កើតគម្រោងអប់រំបេតិកភណ្ឌ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែឧសភា ឆ្នាំ២០១៨ ជាការបណ្តុះគំនិតស្មារតី ចិត្តស្រឡាញ់ និងការស្រាវជ្រាវលើបេតិកភណ្ឌវប្បធម៌ ដល់សាលាគោលដៅក្នុងតំបន់អង្គរ ដើម្បីរកអ្នកស្ម័គ្រចិត្តការពារ ថែរក្សាមរតកដូនតាដែលខ្លួនមាន។
កម្មវិធីនេះ បានដឹកនាំសិស្សានុសិស្សនៃវិទ្យាល័យបន្ទាយឆ្មារ ចំនួន១៨នាក់ ជាយុវជនស្ម័គ្រចិត្តបេតិកភណ្ឌប្រាសាទបន្ទាយឆ្មារ និងសិស្សានុសិស្សនៃវិទ្យាល័យស្រះស្រង់ជាសាលាគោលដៅ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់អង្គរ ប្រវត្តិសាស្ត្រ ទស្សនាប្រាសាទ សារមន្ទីរ តួនាទីរបស់អាជ្ញាធរជាតិអប្សរា បទបង្ហាញអំពីវិស័យស្រាវជ្រាវបុរាណវិទ្យាដោយអ្នកជំនាញថៃ បទបង្ហាញរបស់យុវជនស្ម័គ្រចិត្តបេតិកភណ្ឌប្រាសាទបន្ទាយឆ្មារ អំពីលទ្ធផលការងារស្រាវជ្រាវ និងការថែរក្សាតំបន់របស់ខ្លួន ស្វែងយល់ពីកិច្ចការរបស់មជ្ឈមណ្ឌលយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធី បានឱ្យដឹងថា គម្រោងអប់រំបេតិកភណ្ឌ ជាគម្រោងដែលអាជ្ញាធរធ្លាប់ធ្វើតាំងពីឆ្នាំ២០០៧ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការគាំពារកេរមតក និងគម្រោងស្រាវជ្រាវផ្លូវបុរាណជាមួយស្ថាប័នប្រទេសថៃ ដោយផ្តោតលើសិស្សវិទ្យាល័យ និងបឋមសិក្សាជាសាលាគោលដៅក្នុងតំបន់បេតិកភណ្ឌ។
គម្រោងនេះ ធ្លាប់ធ្វើបានជោគជ័យបំផុតក្នុងការស្វែងរកយុវជនស្ម័គ្រចិត្តវិស័យបេតិកភណ្ឌ នៅវិទ្យាល័យបន្ទាយឆ្មារ ខេត្តឧត្តរមានជ័យ ហើយក៏ធ្លាប់អនុវត្តនៅតំបន់សម្បូរព្រៃគុក ខេត្តកំពង់ធំផងដែរ។ ប៉ុន្តែនេះជាគម្រោងថ្មីនៅក្នុងតំបន់អង្គរ ដោយបានជ្រើសយកសាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ និងវិទ្យាល័យស្រះស្រង់ ជាគោលដៅដំបូង ហើយក៏មានការចូលរួមបន្ថែមពីវិស័យឯកជន មជ្ឈមណ្ឌលយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការទ្រទ្រង់គម្រោងនេះ។
គម្រោងអប់រំនេះចែកចេញជាពីរផ្នែក គឺសម្រាប់សិស្សបឋមសិក្សានិងសិស្សវិទ្យាល័យ។ មេរៀនសំខាន់ៗនឹងបង្រៀនអំពីអ្វីជាប្រវត្តិសាស្ត្រអង្គរ អ្វីដែលហៅថាតំបន់ង្គរ បេតិកភណ្ឌដែលខ្លួនមាន ពិសេសផ្តោតលើសារសំខាន់ៗដល់ក្មេងៗទាក់ទងនឹងការប្រើប្រាស់ដីធ្លីនិងសំណង់ ដែលតំបន់អង្គរកំពុងប្រឈម ហើយតំបន់ស្រះស្រង់ក៏ជាតំបន់អាទិភាពជាងគេទាំងផ្នែកបុរាណវិទ្យានិងការប្រើប្រាស់ដីធ្លី។ បន្ថែមពីនោះ យើងក៏បានបញ្ចូលខ្លឹមសារអំពីបេតិកភណ្ឌ អំពីវប្បធម៌ អំពីប្រវត្តិសាស្ត្រ ដែលសិស្សទាំងអស់កំពុងរស់នៅជាមួយឱ្យពួកគេយល់កាន់តែច្បាស់។
លោក អ៊ឹម សុខរិទ្ធី ក៏បានសង្កត់ធ្ងន់ថា ការអប់រំចំណេះដឹងបេតិកភណ្ឌដល់យុវជនជំនាន់ក្រោយ ជាអ្វីដែលអ្នកចេះដឹងជំនាន់មុនត្រូវតែធ្វើដើម្បីរកអ្នកបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ព្រោះយើងកំពុងតែដើរបន្តិចម្តងៗទៅក្នុងសមាហរណកម្មអាស៊ាន ដូច្នេះយើងត្រូវតែចាប់ផ្តើមអប់រំក្មេងៗអំពីវប្បធម៌ ឫសគល់នៃប្រវត្តិសាស្ត្រ និងកេរមរតកនៅក្នុងតំបន់ដែលខ្លួនមាន។ យុវជនមានទាំងកម្លាំងឋាមពលនិងកម្លាំងប្រាជ្ញា ដូច្នេះការផ្តល់សារទៅកាន់ពួកគេ គឺត្រូវតែច្បាស់លាស់ មានការផ្តួចផ្តើមផ្លូវឱ្យគេដើរបានត្រឹមត្រូវ ឱ្យមានប្រយោជន៍ទៅថ្ងៃក្រោយ។
ការក្លាយខ្លួនរបស់យុវជនស្ម័គ្រចិត្តលើផ្នែកបេតិកភណ្ឌ នឹងផ្តល់នូវចំណេះជាដើមទុនចូលមហាវិទ្យាល័យ បានសម្រួចសម្រាំងទិសដៅរបស់សិស្សពីរបៀបស្រាវជ្រាវ ប្រមូលព័ត៌មាន ការចងក្រងសៀវភៅ និងជាអ្នកនាំសារផ្ទាល់ទៅក្នុងសហគមន៍របស់ខ្លួន ស្គាល់ខ្លួនឯង ស្រឡាញ់សម្បត្តិជាតិ ហើយក្លាយជាអ្នកការពារដ៏ប្រសើរ៕